(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (ផមក) និង និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានចុះអនុស្សារណៈយោគយល់ (MOU) ជាមួយមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) ដើម្បីជំរុញឱ្យទីផ្សារមូលបត្រការរីកចម្រើនថែមមួយកម្រិត ដែលតាមរយៈកិច្ចសហការជាមួយ UNCDF រំពឹងថានឹងជួយធ្វើឱ្យផ្សារហ៊ុនកម្ពុជា មានភាពលេចធ្លោ និងអាចទាក់ទាញវិនិយោគិនពីបស្ចិមប្រទេស។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការផ្តល់ជំនួយបច្ចេកទេស ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យមូលបត្រ នៅព្រះរាជាណាចក្រកម្ពុជា» បានធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ សូភីតែលភ្នំពេញ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារមូលបត្រកម្ពុជា និងមានការចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផមក) និងលោកស្រី PREETI Sinha អគ្គលេខាធិការប្រតិបត្តិនៃមូលនិធីអភិវឌ្ឍន៍មូលធន នៃអង្គការសហប្រជាជាតិ (UNCDF) ព្រមទាំងឯកអគ្គរដ្ឋទូត តំណាងឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ាន+៣។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការដែល UNCDF អាចជួយនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ដែលរួមមានទី១. គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័នទាំងមូលនៃ ន.ម.ក. និងផមក, ទី២ .គាំទ្រដល់ការអភិវឌ្ឍ និងបទប្បញ្ញត្តិនៃផលិតផលឆ្លងដែនថ្មីៗ, ទី៣. សម្របសម្រួលដល់ការផ្លាស់ប្ដូរបទពិសោធន៍ និង ស្រាវជ្រាវរបស់ ន.ម.ក., ផ.ម.ក ពីស្ថាប័ននិយ័តករ និងប្រតិបត្តិករនានា នៅក្នុងតំបន់អាស៊ាន+៣ និង៤. ផ្ដល់ការគាំទ្របន្ថែមសម្រាប់ការអភិវឌ្ឍការបង្កើត និងការអនុវត្ដក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិនានាដែលពាក់ព័ន្ធនឹងមូលបត្ររដ្ឋ និងមូលបត្រមហាជន។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា « ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺបង្ហាញពីការយកចិត្តទុកដាក់រួមគ្នារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងទិសដៅជំរុញ និងលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា តាមរយៈការអភិវឌ្ឍនូវផលិតផលមូលបត្រថ្មីៗ ក្នុងក្របខណ្ឌនៃការរៀបចំបទប្បញ្ញត្តិ និងការអភិវឌ្ឍធនធានមនុស្ស។»

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប ជំរុញលើកទឹកចិត្តដល់ស្ថាប័នទាំងពីរឱ្យបន្តកិច្ចសហការស្អិតរមួតបន្ថែមទៀត សំដៅពន្លឿន និងពង្រឹងការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឱ្យវិវឌ្ឍឈានឡើងកាន់តែកៀកកិតនឹងទីផ្សារមូលបត្រនានាក្នុងតំបន់។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នានេះជាមួយ UNCDF រំពឹងថា នឹងជួយឱ្យទីផ្សារមូលបត្រកម្ពុជា នឹងកាន់តែរីកចម្រើនថែមមួយកម្រិតទៀត និងរៀនសូត្របានបន្ថែមពីបណ្តាប្រទេសនានា ទាំងនៅក្នុងតំបន់ និងបស្ចិមប្រទេស ដែល ទីផ្សារមូលបត្ររបស់គេមានការរីកចម្រើន។

លោកបន្តថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជំរុញឱ្យទីផ្សារមូលបត្ររបស់កម្ពុជាកាន់តែលេចធ្លោ ដែលអាចទាក់ទាញបានវិនិយោគគិនធំពីបណ្តាប្រទេសលោកខាងលិច ឱ្យមកវិនិយោគលើផ្សារហ៊ុននៅកម្ពុជា។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងបើសិនជាយើងអាចទាក់ទាញវិនិយោគគិនធំៗ នៅប្រទេសលោកខាងលិចមកបានមួយចំនួន នោះគឺជាសករាជថ្មីសម្រាប់ទីផ្សារយើងហើយ។ ការធ្វើការក្នុងក្របខណ្ឌMOUនេះ នឹងអនុញ្ញាតឱ្យផ្សាររបស់យើងលេចធ្លោមួយកម្រិតទៀត ដោយសារតែស្ថាប័នមួយនេះ នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ កន្លងមកយើងធ្វើការតែក្នុងកម្រិតតំបន់ជាមួយនឹងប្រទេសជិតខាង តំបន់អាស៊ាន ឬអាស៊ីយ៉ាងច្រើន ឥលូវពេលយើងធ្វើការជាមួយUN រំពឹងថានឹងមានដៃគូរធំៗនឹងស្គាល់ថាកម្ពុជា ក៏មានផ្សារដែរនឹងគេ។»

លោក ហុង សុហួរ បានឱ្យដឹងថា ក្នុងការសហការគ្នានេះ UNCDF នឹងជួយប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការរៀបចំបទបញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្នែកទុនផ្សេងៗ, រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីកសាងសមត្ថភាពរបស់មន្រ្តីនិងបុគ្គលិកពាក់ព័ន្ធ ទាំងខាងនិយ័តករមូលបត្រកម្ពុជា និងទីផ្សាមូលបត្រកម្ពុជា, ផ្សព្វផ្សាយ សម្របសម្រួល ឬការទំនាក់ទំនងផ្សេងៗ ប្រសិនបើមានការសហការធ្វើការងារជាមួយដៃគូរអន្តរជាតិ។ កត្តានេះ នឹងជួយឱ្យផ្សារមូលបត្រកម្ពុជា កាន់តែមានភាពរឹងមាំ និងមានភាពទាក់ទាញក្នុងចំណោមវិនិយោគគិន ជាពិសេសវិនិយោគគិនពីបរទេស។

គួរជម្រាបដែរថា ក្នុងឱកាសនៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះផងដែរ ន.ម.ក, ផ.ម.ក និង UNCDF បានសហការរៀបចំកម្មវិធីរាត្រីជួបជុំជាមួយវិនិយោគិន និងអ្នកចូលរួមក្នុងទីផ្សារមូលបត្រ ដើម្បីផ្សារភ្ជាប់ និងបង្កើនកិច្ចសហការជាមួយបណ្តាញវិនិយោគិន និងវិស័យឯកជន៕