(ភ្នំពេញ)៖ ក្រុមហ៊ុនក្នុងស្រុកមួយ បានប្រកាសចាំទទួលទិញផ្លែមៀនស្រស់ប្រមាណជាង ១ម៉ឺនតោន ដើម្បីកែច្នៃចែកចាយ និងនាំចេញទៅកាន់ប្រទេសចិន ដែលបច្ចុប្បន្នការបញ្ជាទិញផ្លែមៀនស្រស់នេះ កំពុងដំណើរការ។

លោក ភត់ សុផាន់បូរី ប្រធានក្រុមហ៊ុន ពេជ្យចិន្ដា ហ្រ៊ូតប្រូដាក់សិន ភីអែហ្វភី និងប្រធានទីផ្សារនៃសហគមន៍កសិកម្មមៀនប៉ៃលិន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ការបញ្ជាទិញផ្លែមៀនស្រស់តាមផែនការឆ្នាំ២០២២-២០២៣ ក្រុមហ៊ុននឹងបញ្ជាទិញចំនួន១ម៉ឺនតោន ដោយនឹងកែច្នៃចែកចាយ និងនាំចេញទៅកាន់ប្រទេសចិន។

លោកបន្ដថា ឥឡូវនេះការបញ្ជាទិញបានចាប់ផ្ដើមហើយ ប៉ុន្ដែដោយសារតែឆ្នាំនេះការប្រមូលផលរបស់កសិករមានភាពរអាក់រអួល ធ្វើឲ្យការបញ្ជាទិញផ្លែមៀនមានបរិមាណតិចតូចប៉ុណ្ណោះ តែនេះមិនមែនជាបញ្ហាចោទនោះទេ ដោយសារតែបច្ចុប្បន្នក្រុមហ៊ុន មានផ្លែមៀនមួយចំនួនក្នុងដៃហើយ។

លោកបានបញ្ជាក់ថា «តម្លៃដែលក្រុមហ៊ុនបានបញ្ជាទិញផ្លែមៀនពីប្រជាកសិករនេះ ត្រូវចែកចេញជា៣ដំណាក់កាល ចំពោះដំណាក់កាលទី១ ការបញ្ជាទិញចាប់ពីពេលនេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងតម្លៃ៣០០០-៣៥០០រៀល ចំពោះដំណាក់កាលបន្ដបន្ទាប់ ក្រុមហ៊ុនមិនទាន់ដាក់តម្លៃជូនកសិករនៅឡើយទេ [...] តម្លៃដែលក្រុមហ៊ុនបានដាក់ជូនកសិករនេះ បានផ្ដល់ផលចំណេញដល់ពួកគាត់ចំនួន៣០ភាគរយ។ ពិតណាស់ផលចំណេញ៣០ភាគរយនេះ មិនសមសម្រប ជាមួយកម្លាំងពលកម្មលើវិស័យកសិកម្មនោះឡើយ តាមការចង់បានយើងចង់ឲ្យកសិករចំណេញចន្លោះ ៥០-៦០ភាគរយ»

លោក ភត់ សុផាន់បូរី បានបន្ដថា បច្ចុប្បន្នការបញ្ជាទិញផ្លែមៀនស្រស់កំពុងចាប់ផ្ដើម និងមានផ្លែមៀនក្នុងដៃមួយចំនួនហើយ។ តាមផែនការការនាំចេញផ្លែមៀនទៅប្រទេសចិន នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ប៉ុន្ដែដោយសារតែមានបញ្ហា ក្នុងការប្រមូលផល ទើបផែនការនាំចេញកំពុងស្ថិតក្នុងការពិចារណា។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានថ្លែងថា ជារឿងដ៏ល្អដែលមានក្រុមហ៊ុនក្នុងស្រុក បញ្ជាទិញផ្លែមៀនពីកសិករ ព្រោះការប្រមូលទិញពីក្រុមហ៊ុនក្នុងស្រុកនឹងជំរុញការផលិតរបស់ប្រជាកសិករ។

លោកបានអំពាវនាវដល់បងប្អូនប្រជាកសិករ សូមរួតរះមកទំនាក់ទំនងជាមួយមន្ទីរកសិកម្ម ឬក្រុមហ៊ុនដែលឈរជើងទិញផ្លែមៀនឲ្យបានលម្អិត និងទាន់ពេលវេលា ព្រោះថាការនាំចេញផ្លែមៀននឹងនាំចេញ នាពាក់កណ្ដាលខែតុលានេះហើយ។

លោក ស្រ៊ាង កសិករដាំមៀនក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា «ខ្ញុំពិតជាមានក្ដីរីករាយមែនទែន ចំពោះដំណឹងនៃការបញ្ជាទិញផ្លែមៀន របស់ក្រុមហ៊ុនក្នុងស្រុក ។ ការបញ្ជាទិញនេះនឹងធ្វើឲ្យកសិករមានទីផ្សារជាប់រហូត ចំពោះតម្លៃដែលក្រុមហ៊ុនបានចរចាចន្លោះ៣៣០០រៀល ដល់៣៥០០រៀលនេះ ក្នុងនាមជាកសិករខ្ញុំទទួលយកតម្លៃនេះ ព្រោះតម្លៃតទៅមុខនឹងមានការចរចារ តាមស្ថានភាពជាស្ដែងបន្ថែមទៀត»

លោកបានបន្ដថា បច្ចុប្បន្នលោកមានផ្ទៃដីដាំដុះផ្លែមៀនប្រមាណ ៧ហិកតា និងកំពុងបន្ដពង្រីក៣ហិកតាបន្ថែមទៀត ការដាំដុះផ្លែមៀនរបស់លោកទទួលផល ៤ឆ្នាំមកហើយ ចំពោះទិន្នផលមៀនរបស់លោកនឹងទទួលផល នៅក្នុងខែមករា ឆ្នាំ២០២៣។

សូមជម្រាបថា អគ្គរដ្ឋបាលគយចិន ទើបបានអនុម័តទទួលស្គាល់ជាផ្លូវការ អនុញ្ញាតឲ្យចំការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ អាចការកែច្នៃ និងនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនបានដោយផ្ទាល់។

ផ្លែមៀនដែលដាំដុះសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយគយចិន ហើយគ្រប់ចំការមៀន ដែលបានចុះបញ្ជីត្រូវអនុវត្តការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងមែកជាប់នឹងផ្លែមៀន ត្រូវមានប្រវែងមិនលើសពី១៥សង់ទីម៉ែត្រ ព្រមទាំងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់សមាសភាពចង្រៃ ដើម្បីធានាថា ផ្លែមៀនស្រស់ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យ។

ក្នុងឆ្នាំ២០២១ ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហិចតា ផ្ទៃដីប្រមូលផលមានចំនួន១០ ៥៦៥ហិចតា ដោយទទួលទិន្នផលជាមធ្យមចំនួនជាង ១២តោនក្នុងមួយហិចតា ដែលមានបរិមាណផលិផលសរុបប្រមាណ ១៣១ ៤៩៨តោន៕