(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣០,៣៣១,៤៨១ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង២១% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ២៥,០០៧,៩៤១ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ រួមមាន៖
* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន២៥,០៥១,៤៩៨ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,១៩៣,៦៦៩ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១២,២៨៧ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១,៨៧៤,០២៧ដុល្លារ។
ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៩ខែ ឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន៖
ទី១៖ ទំនិញ-ប្រេងឥន្ធនៈមានចំនួន៣,០៦៨,២៤២តោន កើនឡើង៥.២៣% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន២,៩១៥,៨៧៥តោន។
ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន២,៧៤៣ជើង កើនឡើង៥៧.២៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន១,៧៤៤ជើង។
ទី៣៖ បរិមាណកុងតឺន័រ មានចំនួន ៣២៩,០៤៣ធីអ៊ីយូ កើនឡើង២៨.៣៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន២៥៦,៤០៧ធីអ៊ីយូ។
ទី៤៖ នាវាទេសចរណ៍ មានចំនួន១៦ជើង កើនឡើង១៦.០០ភាគរយ។
ទី៥៖ បរិមាណអ្នកដំណើរ មានចំនួន៨៦៨នាក់ កើនឡើង៨៦៨.០០ភាគរយ។
បើតាមលោក ហ៊ី បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ គូសបញ្ជាក់ក្នុងរបាយការណ៍ កំពង់ផែស្វយ័តភ្នំពេញ តែងប្រកាន់ភ្ជាប់នូវការយកចិត្តទុកដាក់ ក្នុងការបម្រើសេវាកម្មប្រតិបត្តិការផែ ជូនអតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់រហ័ស ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ចំពោះតម្រូវការរបស់អតិថិជន។
លោកថា កំពង់ផែស្វយ័តភ្នំពេញ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់ លើការធ្វើទំនើបកម្មប្រតិបត្តិការ ឲ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាពប្រកួតប្រជែង ដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស និងបង្ខិតសេវាកម្មកំពង់ផែ ឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ចូលរួមក្នុងសកម្មភាពសង្គម និងសហគមន៍មូលដ្ឋាន។
គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧០៧,៨៣១ដុល្លារ៕