(ព្រុចសែល)៖ ក្រុមអ្នកការទូតសហភាពអឺរ៉ុបបានផ្អាកកិច្ចពិភាក្សាអំពីការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ី ខណៈដែលប្រទេសប៉ូឡូញ និងប្រទេសនៅតំបន់បាល់ទិកបានជំទាស់នឹងសំណើមួយដែលពួកគេចាត់ទុកថាមានចិត្តសប្បុរសពេកចំពោះទីក្រុងម៉ូស្គូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីបញ្ហានេះថា ក្រុមអ្នកការទូតបានរំពឹងថា កិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើងនៅយប់ថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែប្រទេសទាំងអស់នៅតែប្រកាន់ជំហរដ៏រឹងមាំរៀងខ្លួនរបស់ពួកគេ ហើយកិច្ចពិភាក្សាត្រូវបានពន្យារពេលមកកាន់ថ្ងៃចន្ទនេះ។

សហភាពអឺរ៉ុបបានជាប់គាំងនៅក្នុងការការសម្រេចចិត្តមួយថាតើគួរប្រកាន់ខ្ជាប់ទៅនឹងការកំណត់ថ្លៃប្រេងឆៅដែលដឹកនាំដោយក្រុមប្រទេស G7 ឬយ៉ាងណា។ ប្រទេសប៉ូឡូញ និងប្រទេសមកពីតំបន់បាល់ទិកមិនពេញចិត្តចំពោះសំណើមួយដើម្បីកំណត់តម្លៃប្រេងរបស់រុស្សីនៅត្រឹម ៦៥ដុល្លារក្នុងមួយបារ៉ែល ដោយសារកម្រិតនេះគឺខ្ពស់ជាងតម្លៃដែលទីក្រុងម៉ូស្គូលក់ប្រេងឆៅនៅពេលនេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់អ្នកការទូតជាន់ខ្ពស់ម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះថា ប្រទេសប៉ូឡូញកំពុងទាមទារឱ្យមានការដាក់ទណ្ឌកម្មបន្ថែម ពិនិត្យមើលយន្តការឡើងវិញ និងឱ្យកំណត់តម្លៃប្រេងក្រោមកម្រិតទីផ្សារ។

ដោយប្រទេសប៉ូឡូញ និងប្រទេសមកពីតំបន់បាល់ទិកបានបដិសេធមិនកែប្រែគំនិតរបស់ខ្លួន ជម្លោះនេះបានធ្វើឱ្យមានភាពតានតឹងចំពោះការកំណត់តម្លៃប្រេងឆៅនេះ។ ប្រទេសនានាកំពុងត្រូវបានបង្ខំឱ្យជ្រើសរើសរវាងអាទិភាពពីរដែលស្ទើរតែមិនអាចដោះស្រាយបាន ដែលអាទិភាពទាំងពីរនេះគឺការព្យាយាមរារាំងប្រាក់ចំណូលរបស់ប្រទេសរុស្ស៊ី និងជៀសវាងមិនឱ្យមានការកើនឡើងដ៏ឈឺចាប់នូវតម្លៃប្រេងដែលអាចបំផ្លាញសេដ្ឋកិច្ចពិភពលោក៕