(កូឡុំបូ)៖ ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន (Export-Import Bank of China) បានផ្តល់ការពន្យាពេលសងបំណងរយៈពេលពីរឆ្នាំដល់ស្រីលង្កា និងបាននិយាយថានឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ស្រីលង្កាក្នុងការទទួលបានប្រាក់កម្ចីចំនួន ២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមលិខិតមួយដែលទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីដើមខែនេះ ប្រទេសឥណ្ឌាបានសរសេរលិខិតមួយទៅកាន់មូលនិធិ IMF ដោយនិយាយថា ខ្លួននឹងប្តេជ្ញាជួយគាំទ្រប្រទេសស្រីលង្កាជាមួយនឹងការផ្តល់ហិរញ្ញប្បទាន និងការបន្ធូរបន្ថយបំណុល ប៉ុន្តែប្រទេសដីកោះនេះក៏ត្រូវការការគាំទ្រពីប្រទេសចិនផងដែរ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយ IMF។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពពីស្រីលង្កាដែលដឹងពីបញ្ហានេះថា លិខិតចុះថ្ងៃទី១៩ ខែមករារបស់ធនាគារ Export-Import Bank of China ផ្ញើទៅកាន់ក្រសួងហិរញ្ញវត្ថុស្រីលង្កា ប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ស្រីលង្កាដើម្បីទទួលបានការអនុម័តកម្ចីដ៏សំខាន់ពី IMF ភ្លាមៗទេ។
ប្រទេសចិន និងឥណ្ឌាដែលជាគូប្រជែងក្នុងតំបន់ គឺជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីដ៏ធំបំផុតដល់ស្រីលង្កា ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលប្រាំពីរទសវត្សរ៍។

យោងតាមលិខិតដដែលនោះ ធនាគារ Export-Import Bank of China បានឱ្យដឹងថា ធនាគារនេះនឹងផ្តល់ «ការពន្យារលើសេវាបំណុលដែលផុតកំណត់នៅឆ្នាំ២០២២ និង២០២៣ សម្រាប់ជាវិធានការសង្គ្រោះមួយ» ទៅតាមការស្នើសុំរបស់ប្រទេសស្រីលង្កា។

នៅចុងឆ្នាំ២០២០ ធនាគារ Export-Import Bank of China របស់ចិនបានផ្តល់ប្រាក់កម្ចីទៅឱ្យស្រីលង្កាចំនួន ២,៨៣ពាន់លានដុល្លារ ដែលស្មើនឹង ៣,៥ភាគរយនៃបំណុលរបស់ប្រទេសដីកោះនេះ នេះបើយោងតាមរបាយការណ៍របស់ IMF ចេញផ្សាយកាលពីខែមីនាឆ្នាំមុន។

លិខិតដដែលនេះបានបន្តថា៖ «... អ្នកនឹងចាំបាច់ត្រូវសងប្រាក់ដើម និងការប្រាក់ដែលដល់ពេលត្រូវសងទេក្នុងអំឡុងពេលពន្យាដែលបានលើកឡើងខាងលើនេះ»។ លិខិតនេះបន្តថា៖ «ទន្ទឹមនឹងនេះដែរ យើងនឹងពន្លឿនដំណើរការចរចាជាមួយភាគីរបស់អ្នកទាក់ទងនឹងបំណុលរយៈពេលមធ្យម និងរយៈពេលវែងនៅក្នុងរយៈពេលពន្យានេះ»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសស្រីលង្កាជំពាក់បំណុលចិនចំនួន ៧,៤ពាន់លានដុល្លារ ឬជិតមួយភាគប្រាំនៃបំណុលបរទេសសាធារណៈរបស់ខ្លួននៅចុងឆ្នាំមុន៕