(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញនូវក្តីសង្ឃឹមថា កម្ពុជានឹងអាចជម្រះខ្លួនចេញពី «បញ្ជីប្រផេះ» ដែលក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស បានដាក់មកលើកម្ពុជា ជា​ក្រុម​ប្រទេស ​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កខ្វក់ កាលពី​ខែមីនា ឆ្នាំ២០២២។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង លើការងារប្រឆាំងការសម្អាតប្រាក់ ដើម្បីគេចចេញពីប្រទេស ដែលកំណត់ជាបញ្ជីប្រផេះ នៃក្រុមការងារហិរញ្ញវត្ថុ FATF ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា កម្ពុជាបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរួចរាល់អស់ហើយ ខណៈប្រតិភូក្រុមការងារហិរញ្ញវត្ថុ FATF ក៏បានចុះមកធ្វើអធិការកិច្ចនៅកម្ពុជារួចរាល់ហើយដែរ រង់តែការសម្រេចរបស់គណៈកម្មការ ក្រុមការងារហិរញ្ញវត្ថុ FATF ប៉ុណ្ណោះ ដែលអាចធ្វើឡើងនៅខែមីនា ឬខែមិថុនា ឆ្នាំ២០២៣នេះ។

លោករដ្ឋមន្ត្រីបានថ្លែងថា នៅពេលកម្ពុជាចាកចេញពីបញ្ជីប្រផេះ មកជាបញ្ជីស វិញនោះ អាចដោះនូវរបាំងផ្នែកហិរញ្ញវត្ថុ ក្នុងការទាក់ទាញវិនិយោគ និងពាណិជ្ជកម្មពីបរទេស មកកាន់កម្ពុជា។

លោក វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយបានថា ស៊ីសងលើការប្រជុំគណៈកម្មការក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) នៅខែមីនា ឆ្នាំ២០២៣ ថាគេសម្រេចយ៉ាងម៉េច? ប៉ុន្តែជាកម្រិតនយោបាយ ជាការអនុវត្តន៍ដើម្បីបំពេញកាតព្វកិច្ចតាមផែនកាសកម្មភាព គឺយើងបានធ្វើអស់ហើយ ហើយគេបានមកធ្វើអធិការកិច្ចរួចហើយ ដូច្នេះអាស្រ័យលើគេសម្រេចយ៉ាងម៉េច ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថា យើងសង្ឃឹមចេញពីបញ្ជីប្រផេះនេះ នៅខែមីនា ឬអាចក្នុងខែមិថុនា ហើយវាអាចជាការដោះនូវរបាំងមួយទៀត ក្នុងការទាក់ទាញវិនិយោគ និងពាណិជ្ជកម្មពីប្រភពខាងក្រៅផ្សេងទៀត មកទឹកដីកម្ពុជាយើងក្នុងរយៈពេលខាងមុខនេះ»

សូមជម្រាបថា នៅសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២៣នេះ ប្រតិភូក្រុមការងារហិរញ្ញវត្ថុ FATF ដឹកនាំដោយលោកស្រី មី-លីន វ៉ាង (Mei-Lin Wang) មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការដ្ឋានក្រុមការងារហិរញ្ញវត្ថុ FATF បានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រីក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕