(ហ្សាការតា)៖ សមាគមប្រេងដូងឥណ្ឌូណេស៊ី (GAPKI) បានឱ្យដឹងថា នាំការចេញប្រេងដូងរបស់ប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះ ៨,៥ ភាគរយកាលពីឆ្នាំមុន ដោយសារការផ្លាស់ប្តូរបទប្បញ្ញត្តិ និងការធ្លាក់ចុះទិន្នផល ដែលរំពឹងថានឹងបន្តកើតមាននៅឆ្នាំនេះទៀត។ នេះបើតាមយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសផលិតប្រេងដូងធំបំផុតក្នុងពិភពលោកមួយនេះបាននាំចេញផលិតផលប្រេងដូងចំនួន ៣០,៨លានតោនក្នុងឆ្នាំ២០២២ ធ្លាក់ចុះពី ៣៣,៧លានតោនកាលពីឆ្នាំ២០២១។

ដើម្បីគ្រប់គ្រងការឡើងថ្លៃប្រេងឆាក្នុងស្រុកកាលពីឆ្នាំមុន រដ្ឋាភិបាលឥណ្ឌូណេស៊ីបានផ្លាស់ប្តូរយ៉ាងច្រើនចំពោះគោលនយោបាយនាំចេញប្រេងដូង រួមទាំងការហាមឃាត់ការនាំចេញរយៈពេល ៣សប្តាហ៍ដែលចាប់ផ្តើមនៅចុងខែមេសាផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Joko Priyono ប្រធាន GAPKI ខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការធ្លាក់ចុះតិចតួចចំពោះផលិតកម្មប្រេងដូងកាលពីឆ្នាំមុនក្នុងគ្រាដែលមានការកើនឡើងការប្រើប្រាស់ក្នុងស្រុកនៅក្នុងវិស័យថាមពលក៏បានរួមចំណែកដល់ការធ្លាក់ចុះការនាំចេញផងដែរ ។

លោកមានប្រសាសន៍ថា៖ «ការប្រើប្រាស់ជីវឥន្ធនៈ (កាលពីឆ្នាំមុន) បានកើនឡើងដោយសារការប្រើប្រាស់ប្រេងឥន្ធនៈបានកើនឡើងបន្ទាប់ពីជំងឺរាតត្បាត»។

កាលពីឆ្នាំមុន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានផលិតប្រេងដូងឆៅចំនួន ៤៦,៧លានតោន ធ្លាក់ចុះ ០,៤ភាគរយពីឆ្នាំ២០២១។ ឥណ្ឌូនេស៊ីក៏បានផលិតប្រេងពីសាច់ក្នុងគ្រាប់ដូងប្រេង (kernel) ចំនួន ៤,៥លានតោនផងដែរ។

លោក Joko បានបន្ថែមថា៖ «នេះគឺជាឆ្នាំទី៤ហើយដែលទិន្នផលដូងប្រេងនៅទ្រឹង ខណៈដែលការប្រើប្រាស់ក្នុងស្រុកបន្តកើនឡើង។ នៅឆ្នាំ២០២៣ យើងរំពឹងថា ផលិតកម្មនឹងនៅទ្រឹងម្តងទៀតដោយសារតម្លៃជីខ្ពស់។ កសិករបាននិងកំពុងប្រើប្រាស់ជីកាន់តែតិច ដែលនឹងប៉ះពាល់ដល់ទិន្នផលនៅឆ្នាំនេះ»។

ស្តុកប្រេងដូងរបស់ប្រទេសឥណ្ឌូនេស៊ីមានចំនួន ៣,៦៥លានតោនគិតត្រឹមដំណាច់ឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕