(តូក្យូ)៖ ក្រុមហ៊ុន Suzuki Motor Corp របស់ជប៉ុននឹងវិនិយោគ ៤,៥ពាន់ពាន់លានយ៉េន (៣៤,៨ពាន់លានដុល្លារ) រហូតដល់ឆ្នាំសារពើពន្ធ ២០៣០ លើការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការចំណាយដើមទុនដើម្បីផលិតរថយន្តអគ្គិសនី (EV)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលគេស្គាល់ថាផលិតរថយន្តខ្នាតតូច “kei” នឹងវិនិយោគ ២ពាន់ពាន់លានយ៉េនលើបច្ចេកវិទ្យារថយន្តអគ្គិសនី និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ខណៈពេលដែលទឹកប្រាក់ ២,៥ ពាន់ពាន់លានយ៉េនទៀតសម្រាប់សាងសង់រោងចក្ររថយន្តអគ្គិសនី និងទីតាំងថាមពលកកើតឡើងវិញ។

ក្រុមហ៊ុន Suzuki បានឱ្យដឹងទៀតថា ក្នុងចំណោមប្រាក់ដែលបានបែងចែកសម្រាប់រថយន្តអគ្គិសនី ទឹកប្រាក់ចំនួន ៥០០ពាន់លានយ៉េននឹងត្រូវវិនិយោគលើអាគុយ។

ការប្រកាសរបស់ក្រុមហ៊ុន Suzuki ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀតបានដាក់ចេញគោលដៅប្រហាក់ប្រហែលគ្នានេះ ដើម្បីតាមឱ្យទាន់គូប្រជែងរបស់ខ្លួននៅអឺរ៉ុប និងសហរដ្ឋអាមេរិកនៅក្នុងទីផ្សារថាមពលអគ្គិសនី ដែលរីកចម្រើនយ៉ាងឆាប់រហ័ស។

នៅក្នុងខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុន Mazda Motor Corp បានបង្ហាញផែនការចំណាយ ១០,៦ពាន់លានដុល្លារលើរថយន្តអគ្គិសនី៕