(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលបានប្រមាណជាង ១៥លានដុល្លារ ពីអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន Renaissance ​នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។

គិតមកដល់ពេលនេះ រុករករ៉ែមាសរបស់ក្រុមហ៊ុន Renaissance ផលិតបានប្រមាណ៥៣០០គីឡូ ដែលក្នុងនោះផ្តល់ចំណូលជាសួយសារអាករដល់រដ្ឋចំនួនជាង ៨លាន​ និងពន្ធដារ​ចំនួន ៦.៥លានដុល្លារ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មន្ត្រីដដែលបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុន៧ ដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសពីរាជរដ្ឋាភិបាល ​ដោយបានរុករករ៉ែមាសនៅខេត្តចំនួន៤ រួមមាន នៅខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និងព្រះវិហារ។

លោកបន្តថា ក្រុមហ៊ុនដែលដំណើរការអាជីវកម្មរុករករ៉ែមាសល្អជាងគេ គឺក្រុមហ៊ុន Renaissance ​របស់អូស្រ្តាលី ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី ដោយឡែកក្រុមហ៊ុនផ្សេង ដែលកំពុងធ្វើអាជីវកម្មទទួលបានផលតិចតួចប៉ុណ្ណោះ ដោយសារតែកត្តាការរីករាលដាលជំងឺកូវីដ១៩ ។

គួរជម្រាបថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ​បានចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕