(ភ្នំពេញ)៖ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុនថ្មី ១០ ៧០១ក្រុមហ៊ុន កើនឡើង៣៩.៣៩% បើធៀបនឹងឆ្នាំ២០២១ មានត្រឹមជាង ៧ ៦៧៧ក្រុមហ៊ុនប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រុមហ៊ុនថ្មីដែលបានស្នើសុំចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម រួមមាន៖ ក្រុមហ៊ុនមូលធនមាន ៤ ៧៤៧ក្រុមហ៊ុន, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសមាន ៤៤ក្រុមហ៊ុន និងសហគ្រាសឯកបុគ្គលមាន ៥,៩១០ក្រុមហ៊ុន។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការកើនឡើងនៃការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ ជាសញ្ញាដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ ដោយសារតែការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩បានជោគជ័យ និងបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បានធ្វើឲ្យការបើកអាជីវកម្មនានា ដំណើរការឡើងវិញស្ទើរតែគ្រប់វិស័យ ជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។

ឧកញ៉ាបន្ថែមថា ពិសេសកម្ពុជា បានអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ធ្វើឲ្យក្រុមហ៊ុនជាច្រើន យកចិត្តទុកដាក់ និងយកប្រទេសកម្ពុជា ជាទិសដៅក្នុងការវិនិយោគ។ ជាក់ស្ដែងតាមរយៈក្រសួងពាណិជ្ជកម្ម មានការកើនឡើងនៃចំនួនអ្នកស្នើសុំចុះបញ្ជី ចំណែកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏រក្សាបាននូវចំនួនគម្រោងវិនិយោគចុះបញ្ជីផងដែរ ដែលជាសញ្ញាដ៏ល្អសម្រាប់សេដ្ឋកិច្ច ក្នុងឆ្នាំបន្ដបន្ទាប់ខាងមុខទៀត។

ជាមួយគ្នានេះ ការកើនឡើងនៃចំនួនក្រុមហ៊ុន-សហគ្រាស នៅក្នុងឆ្នាំ២០២២នេះ ក៏មានចំណែករបស់បងប្អូន ដែលប្រកបរបររកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅម្យ៉ាងទៀតថាអនឡាញ នាំគ្នាមកដាក់ពាក្យស្នើសុំចុះបញ្ជី សុំអាជ្ញាបណ្ណ នៅក្រសួងពាណិជ្ជកម្មផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០២២ ក៏មានក្រុមហ៊ុនចំនួន ៨៨៨ក្រុមហ៊ុនបានស្នើសុំលុបឈ្មោះ ចេញពីបញ្ជីក្រសួងពាណិជ្ជកម្ម កើន៣៨% បើធៀបនឹងឆ្នាំ២០២១ មានតែ៦៤៣ក្រុមហ៊ុន៕