(ហ្សាការតា)៖ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ ៥,៣១ភាគរយក្នុងឆ្នាំ២០២២ ដែលបង្ហាញពីការវិលត្រឡប់ទៅរកគំរូកំណើនមុនពេលកើតមានជំងឺរាតត្បាតកូវីដ-១៩វិញ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សំដីលោក Margo Yuwono ប្រធានទីភ្នាក់ងារស្ថិតិឥណ្ឌូណេស៊ីថា កំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនមានកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៣ ដែលនៅពេលនោះសេដ្ឋកិច្ចបានកើនឡើងប្រហែល ៥,៧ភាគរយ។

លោក Yuwono បានថ្លែងកាលពីថ្ងៃចន្ទថា កំណើនសេដ្ឋកិច្ចកាលពីឆ្នាំ២០២២ គឺខ្ពស់ជាងឆ្នាំ២០២១ ដែលសម្រេចបានតែ ៣,៦៩ភាគរយដោយសារតែកត្តាសកល និងក្នុងស្រុក។

លោក Yuwono បានមានប្រសាសន៍ថា៖ «ជាសកល ឥណ្ឌូណេស៊ីទទួលបានអត្ថប្រយោជន៍ពីតម្លៃខ្ពស់នៃទំនិញនាំចេញឈានមុខគេនានានៅក្នុងទីផ្សារពិភពលោក»។

លោកបានបន្ថែមថា នៅក្នុងស្រុកវិញ កំណើនសេដ្ឋកិច្ចត្រូវបានរួមចំណែកដោយការរួមបញ្ចូលគ្នានៃសកម្មភាពសាធារណៈដ៏រស់រវើក និងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីរក្សាអំណាចទិញ។
លោកបានបន្តថា ការបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ ត្រូវបានគេជឿថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជន។

កំណើននេះមានភាពស្របគ្នាទៅនឹងការព្យាកររបស់ធនាគារកណ្តាលឥណ្ឌូណេស៊ីដែលបានព្យាករថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៧ភាគរយទៅ ៥,៥ភាគរយសម្រាប់ឆ្នាំ ២០២២។ នេះបើយោងតាមកាសែត Channel News Asia៕