(ញូវយ៉ក)៖ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុល Fitch បានកែប្រែការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នៅឆ្នាំ២០២៣ ដោយដំឡើងដល់ ៥ភាគរយពី ៤.‌១ភាគរយ ដែលបានព្យាករកន្លងមក ដោយសារការប្រើប្រាស់ និងសកម្មភាពកាន់តែទូលំទូលាយកំពុងស្ទុះងើបឡើងវិញលឿនជាង ការរំពឹងទុកបឋមក្រោយការបញ្ចប់វិធានការកូវីដសូន្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុន Fitch របស់អាមេរិកបានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនឹងត្រូវបានដឹកនាំជាចម្បងដោយការប្រើប្រាស់។ ទីភ្នាក់ងារនេះកត់សម្គាល់ថា សូចនាករជាច្រើនបានស្ទុះងើបឡើងវិញ នាពេលថ្មីៗនេះទោះបីជានៅតែស្ថិតនៅក្រោមកម្រិតមុន មានការរាតត្បាតជំងឺក៏ដោយ។

ទោះបីជាដំឡើងការព្យាករនេះក្តី ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុលមួយនេះបានរំពឹងថាការ ស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំនេះ នឹងមានកម្រិតទាបជាងឆ្នាំ២០២១ ជាពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិន បានប្រកាសពីកំណើនផលិតផលក្នុងស្រុកសរុប ៨.៤ភាគរយ។

Fitch គឺជាទីភ្នាក់ងារវាយតម្លៃធំដំបូងគេ ដែលបានដំឡើងការព្យាករអំពីកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ របស់ប្រទេសចិន។ ក្រុមហ៊ុន S&P Global រំពឹងថា សេដ្ឋកិច្ចចិននឹងនៅតែមានកំណើន ៤.៨ភាគរយដដែលនៅឆ្នាំ២០២៣ ស្របតាមការព្យាករកាលពីខែវិច្ឆិការបស់ខ្លួន ខណៈដែលទីភ្នាក់ងារ Moody's បានរក្សាការព្យាកររបស់ខ្លួនដដែលថាចិននឹងមានកំណើនសេដ្ឋកិច្ច ៤ភាគរយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Fitch ថា «កត្តានេះឆ្លុះបញ្ចាំងមួយផ្នែកពីភាពទន់ខ្សោយ ដែលកំពុងបន្តកើតមាននៅក្នុងទីផ្សារអចលនទ្រព្យ ដែលបង្ហាញភស្តុតាងតិចតួច ពីការចាប់ផ្តើមស្ទុះងើបឡើងវិញនៃការលក់ ឬការសាងសង់លំនៅឋាននៅចុងឆ្នាំ២០២២ ទោះបីជាមានការកើនឡើង នៃការគាំទ្រគោលនយោបាយបន្ថែមក៏ដោយ»