(ភ្នំពេញ)៖ តាមមរយៈវេទិកាសាធារណៈក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសស្តីពី ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឆ្លើយតបនឹងការរអ៊ូរទាំមួយចំនួន ជុំវិញការបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) និងការបង់ពន្ធកាត់ទុក។

លោក គង់ វិបុល បានពន្យល់ថា អាករលើតម្លៃបន្ថែមមិនបានតម្រូវឲ្យសាធារណជនទាំងអស់បង់ពន្ធនោះឡើយ គឺតម្រូវឲ្យសហគ្រាស ប្រមូលពីអតិថិជនដែលជាអ្នកប្រើប្រាស់ ហើយយកមកបង់ពន្ធជូនរដ្ឋប៉ុណ្ណោះ។ ដូច្នេះនៅពេលសហគ្រាសប្រមូលបានអាករលើតម្លៃបន្ថែម យកទុកជាប្រាក់ចំណូលរបស់ខ្លួន ដោយមិនយកមកប្រកាស ឬក្លែងបន្លំវិក្ក័យបត្រនានាគឺខុសច្បាប់។ ពន្ធដារមិនអាចបណ្ដែតបណ្ដោយឲ្យ ប្រពឹត្តអំពើខុសច្បាប់បែបនេះនោះទេ។

លោកបានបន្ដថា មានអ្នកខ្លះបានលើកឡើងថា បានបង់ពន្ធកាត់ទុកច្រើន។ ពន្ធកាត់ទុកមិនមែនជាបន្ទុក របស់សហគ្រាសនោះទេ គ្រាន់តែសហគ្រាសមានកតព្វកិច្ចតាមច្បាប់ យកមកកាត់ទុកមុននឹងបង់ឲ្យអ្នកផ្គត់ផ្គង់ មានន័យថា ប្រសិនបើក្រុមហ៊ុន «ក» ធ្វើការជាមួយក្រុមហ៊ុន «ខ» ដែលមានលេខអត្តសញ្ញាណពន្ធត្រឹមត្រូវ ដូច្នេះអ្នកទាំងនោះមិនមានកតព្វកិច្ចកាត់ទុកនោះទេ គ្រាន់តែប្រកាសជាការចំណាយ លើការជួល ឬទិញទំនិញជាការសេ្រច។ ប៉ុន្ដែបើអ្នកទាំងនោះទៅជួលរូបវន្ដបុគ្គលម្នាក់ ទៅធ្វើសេវាឲ្យ ហើយរូបវន្ដបុគ្គលនោះពុំទាន់បានចុះបញ្ជីពន្ធដារ បានច្បាស់លាស់ អត់មានលេខអត្តសញ្ញាណពន្ធ ទាំងនេះទើបមានកាតព្វកិច្ចលើពន្ធកាត់ទុក ១៥ភាគរយ។

លោកបានបញ្ជាក់ថា កាតព្វកិច្ចពន្ធមិនមែនតម្រូវឲ្យអ្នកជាប់ពន្ធទាំងអស់ ត្រូវតែបង់ពន្ធនោះទេ គឺធ្វើតាមច្បាប់៕