(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលើកឡើងថា នៅរដូវបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ តម្លៃប្រេងសាំងនៅកម្ពុជា អាចនឹងមាននិន្នាការឡើងខ្លះ ​ប៉ុន្តែរាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណា ឱ្យ​ប្រេងមានតម្លៃសមរម្យ និងធានានូវបរិមាណប្រេងឱ្យមានគ្រប់គ្រាន់ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅរដូវបុណ្យចូលឆ្នាំ ដែលមានការធ្វើដំណើរច្រើន។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការកើនឡើងនូវតម្លៃប្រេងតិចតួចនេះ ដោយសារនិន្នាការតម្លៃប្រេងនៅអំឡុងពេល ១០ថ្ងៃចុងក្រោយនេះ បានកើនឡើងបន្តិចប្រមាណ ៥០រៀលក្នុងមួយលីត្រ ​​ស្របពេលដែលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ក៏បានចាប់ផ្តើមឡើងថ្លៃបន្តិចផងដែរ។

លោកបានពន្យល់យ៉ាងដូច្នេះថា «ចំពោះសំណួរថាតើរហូតដល់ខែមេសា ប្រេងវាអាចឡើងរហូតដល់ប៉ះពាល់ដល់ការធ្វើដំណើរ ឬក៏ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋដែរទេ? ខ្ញុំអាចជូនយោបល់ថា បើផ្អែកទៅលើនិន្នាការប្រេងសព្វថ្ងៃនេះ វាអាចនឹងឡើងបន្តិច ក៏ប៉ុន្តែមិនមែនឡើងច្រើនទេ ហើយយើងកំពុងតែខិតខំប្រឹងប្រែងរក្សាបរិមាណប្រេង ឱ្យមានគ្រប់គ្រាន់ ដើម្បីបម្រើការប្រើប្រាស់ទូទៅរបស់ប្រជាពលរដ្ឋជាពិសេស ក្នុងរដូវដែលធ្វើដំណើរច្រើន»

ជាមួយគ្នានេះ ​ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុននាំចូល បាននិងកំពុងសហការ ដើម្បីធានាថាបរិមាណប្រេងនឹងមានគ្រប់គ្រាន់សម្រាប់លក់ និងរក្សាតម្លៃប្រេងសម្រាប់លក់រាយ(ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ឱ្យមានតម្លៃសមរម្យមួយ មិនឱ្យឡើងថ្លៃហួសពេកឡើយ​ ​ខណៈក្រុមហ៊ុននាំចូល​មានស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ តាមការតម្រូវរបស់ក្រសួងផងដែរ។

លោកពន្យល់បន្ថែមថា អ្វីដែលធ្វើឱ្យតម្លៃប្រេងប្រែប្រួល គឺបណ្តាលមកពីតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិ ដែលធ្វើឱ្យតម្លៃប្រេងលក់រាយនៅកម្ពុជាឡើង ឬថយចុះ ប៉ុន្តែ​សម្រាប់កត្តាដែលរាជរដ្ឋាភិបាល អាចគ្រប់គ្រងនៅក្នុងស្រុកបាន ដូចជាពន្ធគយ ពន្ធលើប្រាក់ចំណេញជាដើម គឺរក្សានៅដដែលទាំងអស់។ ហេតុនេះហើយប្រសិនបើតម្លៃប្រេង នៅលើទីផ្សារឡើងខ្ពស់ ហើយបង្ខំឱ្យក្រុមហ៊ុនលក់ប្រេងក្នុងតម្លៃថោកជាងតម្លៃ ដែលពួកគេនាំចូលមក នឹងធ្វើឱ្យពួកគេមិនអាចដំណើរការបាននោះទេ។ ​ប៉ុន្តែយ៉ាងនេះ​ក្តី រដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ដោយរដ្ឋបានធ្វើការឧបត្ថម្ភធន់ជាបន្តបន្ទាប់។

តាមសេចក្តីជូនដំណឹង ស្ដីពី​តម្លៃលក់រាយប្រេងឥន្ធនៈថ្មីដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ប្រេងសាំងធម្មតា មានតម្លៃ៤៣០០ក្នុងមួយលីត្រ និងសាំងម៉ាស៊ូត មានតម្លៃ ៤២៥០រៀលក្នុងមួយលីត្រ។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ​កម្ពុជា មានតម្រូវការប្រេងប្រមាណ ១៩ម៉ឺនលីត្រក្នុងមួយថ្ងៃ៕