(វ៉ាស៊ីនតោន)៖ របាយការណ៍របស់ទីភ្នាក់ងាររដ្ឋាភិបាលឯករាជ្យរបស់សហរដ្ឋអាមេរិកបានរកឃើញថា ក្រុមហ៊ុននាំចូលអាមេរិកបានទទួលរងនូវបន្ទុកពន្ធគយស្ទើរតែទាំងស្រុងដែលលោក ដូណាល់ ត្រាំ បានដាក់លើទំនិញរបស់ចិនក្នុងតម្លៃជាង ៣០០ពាន់លានដុល្លារក្នុងកំឡុងពេលលោកធ្វើជាប្រធានាធិបតី ដោយបង្កើនការចំណាយសម្រាប់ក្រុមហ៊ុនអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធដោយគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ (ITC) របស់សហរដ្ឋអាមេរិក ដែលជាអង្គភាពវិភាគបញ្ហាពាណិជ្ជកម្មថា ITC បានរកឃើញថាមានការកើនឡើងតម្លៃទំនិញនាំចូលបន្ទាប់ពីមានការដកហូតពន្ធស្ថិតក្រោមមាត្រា ៣០១។ ការសិក្សានេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសារាចរណ៍មួយដែលជាផ្នែកនៃច្បាប់ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន។

លទ្ធផលរបាយការណ៍នេះគាំទ្រដល់ការអះអាងជាយូរមកហើយរបស់សភាពាណិជ្ជកម្មអាមេរិក និងសេដ្ឋវិទូឯករាជ្យនានាដែលបានលើកឡើងថា ការចំណាយលើពន្ធគយទាំងនេះប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិក ដែលផ្ទុយនឹងការអះអាងរបស់លោក ត្រាំ ដែលថា ចិនជាអ្នកចំណាយចុងក្រោយទៅលើកាតព្វកិច្ចពន្ធគយនេះ។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បាដិន (Joe Biden) បានបន្តអនុវត្តពន្ធគយលើការនាំចូលទំនិញពីប្រទេសចិននេះអស់រយៈពេលជាងពីរឆ្នាំមកហើយ ហើយបច្ចុប្បន្នកំពុងពិនិត្យមើលឡើងវិញទៅលើពន្ធគយនេះ ដើម្បីវាយតម្លៃលើប្រសិទ្ធភាពរបស់ពន្ធគយទាំងនេះ និងសម្រេចថាតើពន្ធទាំងនេះគួរដាក់លើទំនិញចិនជាបន្តទៀតឬយ៉ាងណា។

ពន្ធគយទាំងនេះត្រូវបានដាក់ចេញដោយរដ្ឋាភិបាលរបស់លោក ត្រាំ ស្ថិតក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ចាប់តាំងពីឆ្នាំ២០១៨ មកដោយសម្អាងលើការចោទប្រកាន់ថាចិនលួចកម្មសិទ្ធិបញ្ញា និងផ្ទេរបច្ចេកវិទ្យាដោយបង្ខំ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg របាយការណ៍កម្រាស់ ៣១៥ទំព័ររបស់ ITC បានបន្តថា តម្លៃទំនិញនាំចូលពីប្រទេសចិននៅទូទាំងឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួន រួមមានទំនិញឧបករណ៍កុំព្យូទ័រ គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម និងឧបករណ៍អូឌីយ៉ូ និងវីដេអូ បានកើនឡើងដល់ ២៥% ក្នុងឆ្នាំ២០២១។ តម្លៃទំនិញដែលផលិតដោយសហរដ្ឋអាមេរិកនៅក្នុងឧស្សាហកម្មមួយចំនួនបានកើនឡើងពី ៣% ទៅ ៤% ។

របាយការណ៍ដដែលបន្តថា ការនាំចូលផលិតផលដែលរងផលប៉ះពាល់ពីប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២៦៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ពីចំនួន ៣១១ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ដែលជាឆ្នាំមុនពេលមានការដកហូតពន្ធគយ។

នៅទូទាំងវិស័យដែលរងផលប៉ះពាល់ទាំងអស់ ពន្ធគយទាំងនេះបានកាត់បន្ថយការនាំចូលរបស់ចិនចំនួន ១៣% ក្នុងអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ បង្កើនទិន្នផលរបស់សហរដ្ឋអាមេរិកចំនួន ០,៤% ហើយតម្លៃផលិតផលអាមេរិកកើនឡើងចំនួន ០,២%៕