(ក្រុងឡុងដ៏)៖ ធនាគារធំបំផុតរបស់ប្រទេសស៊្វីស UBS បានយល់ព្រមទិញធនាគារក្ស័យធន Credit Suisse ដែលជាគូប្រជែងរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងសង្គ្រោះបន្ទាន់មួយក្នុងគោលបំណងលុបបំបាត់ការភ័យស្លន់ស្លោក្នុងទីផ្សារហិរញ្ញវត្ថុដោយសារការក្ស័យធនរបស់ធនាគារអាមេរិកចំនួនពីរកាលពីដើមខែនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាមេរិក CNN។

CNN បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយធនាគារកណ្តាលស៊្វីស Swiss National Bank ថា៖ «ធនាគារ UBS ថ្ងៃនេះបានប្រកាសពីការចូលកាន់កាប់ធនាគារ Credit Suisse»។ ធនាគារកណ្តាលស៊្វីសបានបន្តថា ការសង្គ្រោះនឹង «ធានាស្ថិរភាពហិរញ្ញវត្ថុនិងការពារសេដ្ឋកិច្ចស៊្វីស»

យោងតាម CNN ធនាគារ UBS ត្រូវចំណាយប្រាក់ ៣ពាន់លានហ្វ្រង់ស៊្វីស (៣,២៥ពាន់លានដុល្លារ) សម្រាប់ការទិញយកធនាគារ Credit Suisse ពោលគឺទាបជាងតម្លៃនៅពេលទីផ្សារបិទការជួញដូរភាគហ៊ុនកាលពីថ្ងៃសុក្រប្រហែល ៦០%។ ម្ចាស់ភាគហ៊ុនរបស់ធនាគារ Credit Suisse នឹងត្រូវខាងបង់ច្រើន ដោយទទួលបានតម្លៃត្រឹមតែ ០,៧៦ហ្វ្រង់ស៊្វីសក្នុងមួយភាគហ៊ុនធៀបនឹងតម្លៃ ១,៨៦ហ្វ្រង់ស៊្វីសក្នុងមួយភាគហ៊ុនកាលពីថ្ងៃសុក្រ។

និយ័តករស្វ៊ីសបានឱ្យដឹងថា ម្ចាស់មូលបត្របំណុលបន្ថែមកម្រិតទីមួយ (additional tier one) ដែលជាប្រភេទមូលបត្រមានហានិភ័យនៃមូលបត្របំណុលធនាគារសរុបតម្លៃ ១៧ពាន់លានដុល្លារ នឹងត្រូវខាតបង់ប្រាក់នេះទាំងអស់។

លើសពីនេះទៀត កិច្ចព្រមព្រៀងនេះនឹងមិនត្រូវការការយល់ព្រមពីម្ចាស់ភាគហ៊ុនឡើយ បន្ទាប់ពីរដ្ឋាភិបាលស៊្វីសបានយល់ព្រមផ្លាស់ប្តូរច្បាប់ដើម្បីដកចេញនូវភាពមិនច្បាស់លាស់ណាមួយអំពីកិច្ចព្រមព្រៀងនេះ។

ធនាគារ Credit Suisse (CS) បានបាត់បង់ទំនុកចិត្តពីវិនិយោគិន និងអតិថិជនអស់ជាច្រើនឆ្នាំមកហើយ។ នៅឆ្នាំ២០២២ ធនាគារនេះបានទទួលរងការខាតបង់ដ៏អាក្រក់បំផុតរបស់ខ្លួនគិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក។ ប៉ុន្តែទំនុកចិត្តបានដួលរលំកាលពីសប្តាហ៍មុនបន្ទាប់ពីធនាគារនេះបានទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងខណៈពេលដែលការដួលរលំរបស់ធនាគារ Silicon Valley និងធនាគារ Signature Bank បានបង្កការភ័យខ្លាចដល់ស្ថាប័នទន់ខ្សោយនានា ស្របពេលដែលការដំឡើងអត្រាការប្រាក់បានធ្វើឱ្យខូចខាតដល់តម្លៃទ្រព្យសកម្មហិរញ្ញវត្ថុមួយចំនួន។

កាសែត Financial Times បានរាយការណ៍ថា ភាគហ៊ុនរបស់ធនាគារដែលមានអាយុ ១៦៧ឆ្នាំនេះបានធ្លាក់ចុះ ២៥% នៅសប្តាហ៍មុន ប្រាក់បានហូរចេញពីមូលនិធិវិនិយោគដែលខ្លួនគ្រប់គ្រង ស្របពេលដែលម្ចាស់គណនីនាំគ្នាសម្រុកដកប្រាក់បញ្ញើដែលមានរហូតដល់ទៅជាង ១០ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ប្រាក់កម្ចីសង្គ្រោះបន្ទាន់ចំនួនជិត ៥៤ពាន់លានដុល្លារដែលទទួលបានពីធនាគារកណ្តាលស៊្វីសបានបរាជ័យក្នុងការបញ្ឈប់វិបត្តិរបស់ធនាគារ Credit Suisse។ នេះបើយោងតាម CNN៕