(សិង្ហបុរី)៖ តម្លៃប្រេងឆៅប្រែប្រួលតិចតួចកាលពីថ្ងៃអង្គារ បន្ទាប់ពីបានធ្លាក់ចុះនៅដើមវគ្គជួញដូរមុនដោយសារការព្រួយបារម្ភរបស់វិនិយោគិនថា បញ្ហាវិស័យធនាគារនាពេលថ្មីៗនេះនឹងដាក់បន្ទុកលើសេដ្ឋកិច្ចពិភពលោក និងដាក់កម្រិតលើតម្រូវការប្រេងឆៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាកចែកចាយនៅខែឧសភាបានឡើងថ្លៃ ៥សេន ដោយត្រូវបានជួញដូរក្នុងតម្លៃ ៧៣,៨៤ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃអង្គារ។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកក្នុងកិច្ចសន្យាអនាគតសម្រាកចែកចាយនៅខែឧសភាដូចគ្នាដែរនោះ បានឡើងថ្លៃ ៩សេនដល់ ៦៧,៧៣ដុល្លារក្នុងមួយបារ៉ែល។ នៅក្នុងវគ្គជួញដូរមុននេះ ទាំងប្រេងឆៅប្រភេទ Brent និង WTI បានធ្លាក់ចុះប្រហែល ៣ដុល្លារក្នុងមួយបារ៉ែល មុននឹងឡើងថ្លៃមកវិញ។

ការឡើងថ្លៃបន្តិចបន្តួចនៅថ្ងៃអង្គារនេះបានកើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមើលឃើញថា ធនាគារ UBS ដែលជាធនាគារធំជាងគេរបស់ប្រទេសស៊្វីសបានយល់ព្រមទិញធនាគារ Credit Suisse ក្នុងកិច្ចប្រឹងប្រែងដើម្បីជួយសង្គ្រោះធនាគារនេះ។

បន្ទាប់ពីការប្រកាសពីកិច្ចព្រមព្រៀងនេះ ធនាគារកណ្តាលធំៗ រួមទាំងធនាគារកណ្តាលរបស់អាមេរិក និងធនាគារកណ្តាលអឺរ៉ុប បានឱ្យដឹងថា ពួកគេនឹងបង្កើនសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារ និងគាំទ្រដល់ធនាគារដទៃទៀត។

ស្របពេលជាមួយគ្នានេះដែរ មន្ត្រីនានានិងក្រុមប្រទេស G7 បានឱ្យដឹងថា ក្រុមប្រទេស G7 ទំនងជាមិនពិនិត្យមើលឡើងវិញនូវការកំណត់តម្លៃប្រេង ៦០ដុល្លារក្នុងមួយបារ៉ែលលើប្រេងរបស់រុស្ស៊ីដូចការគ្រោងទុកនោះទេ។ ក្រុមមន្ត្រីទាំងនោះបាននិយាយថា ឯកអគ្គរដ្ឋទូតរបស់បណ្តាប្រទេសរបស់សហភាពអឺរ៉ុបត្រូវបានគណៈកម្មការអឺរ៉ុបប្រាប់កាលពីចុងសប្តាហ៍មុនថា មិនមានការចង់បានខ្លាំងក្នុងចំណោមក្រុមប្រទេសទាំងនេះឱ្យពិនិត្យមើលឡើងវិញជាបន្ទាន់នោះទេ។

អង្គការ OPEC+ ដែលរាប់បញ្ចូលទាំងសមាជិករបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តនានា រួមទាំងរុស្ស៊ីផងដែរនោះ គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី៣ ខែមេសា។ កាលពីខែតុលា អង្គការ OPEC+ បានព្រមព្រៀងកាត់បន្ថយទិសដៅផលិតកម្មប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕