(វ៉ាស៊ីនតោន)៖ ប្រធានធនាគារពិភពលោក (WB) ដែលនឹងចាកចេញពីតំណែងក្នុងពេលខាងមុខនេះបានអំពាវនាវឱ្យប្រទេសចិនមានភាពសកម្មជាងនេះក្នុងការពិភាក្សាអំពីការរៀបចំបំណុលឡើងវិញសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងជួបប្រទះវិបត្តិបំណុល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក David Malpass ខណៈថ្លែងនៅក្នុងព្រឹត្តិការណ៍ក្រុមប្រឹក្សាទំនាក់ទំនងបរទេសថា ប្រទេសចិនបាន «ក្លាយជាប្រទេសផ្តល់ប្រាក់កម្ចីដ៏សំខាន់មួយរបស់ពិភពលោកដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះយើងកំពុងព្យាយាមធ្វើការជាមួយពួកគេដើម្បីធ្វើការរៀបចំបំណុលឡើងវិញ។ ពួកគេមិនមានទម្លាប់ធ្វើការងារនេះទេ»។

លោក Malpass បានរិះគន់ប្រទេសចិនដែលជាអ្នកផ្តល់ប្រាក់កម្ចីដ៏សំខាន់ដល់ប្រទេសក្រីក្រ ចំពោះការដែលមិនបង្ហាញខលក្ខខណ្ឌក្នុងការផ្តល់ប្រាក់កម្ចី ដែលធ្វើឱ្យមានការលំបាកក្នុងការវាយតម្លៃកិច្ចសន្យាខ្ចីប្រាក់។

ដោយលើកឡើងពីការចូលរួមរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះក្នុងកម្មវិធីផ្តល់ថវិកាសង្គ្រោះដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីជួយប្រទេសស្រីលង្កា លោក Malpass បាននិយាយថា៖ «យើងមានការសន្ទនាជាមួយប្រទេសចិន ហើយយើងកំពុងបង្កើតឱ្យមានការរីកចម្រើនខ្លះដែរ»។

ការវិវឌ្ឍរបស់ស្រីលង្កាកើតមានឡើងនៅពេលដែលកិច្ចពិភាក្សាដោះស្រាយបំណុលសម្រាប់ប្រទេសដែលងាយរងគ្រោះផ្សេងទៀតដូចជាប្រទេសសំប៊ីបានជាប់គាំង។ ចំណុចជាប់គាំងសំខាន់សម្រាប់កិច្ចពិភាក្សាលើវិស័យជាច្រើននោះគឺការខ្វែងគំនិតគ្នារវាងប្រទេសចិន និងស្ថាប័នផ្តល់ប្រាក់កម្ចីផ្សេងទៀតដែលដឹកនាំដោយសហរដ្ឋអាមេរិកអំពីថា តើប្រាក់កម្ចីពីស្ថាប័នពហុភាដូចជាធនាគារពិភពលោក អាចរៀបចំបំណុលឡើងវិញដែរឬទេ។

នៅពេលសួរអំពីការលើកឡើងរបស់លោក Malpass នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងថា ប្រទេសចិនបាននឹងកំពុង «ធ្វើការងារលើការដោះស្រាយការលំបាកក្នុងការសងបំណុលតាមរយៈការពិគ្រោះយោបល់ជាមិត្តភាពដោយផ្អែកលើការគោរព និងឆន្ទៈរបស់ប្រទេសដែលជំពាក់បំណុលដែលពាក់ព័ន្ធ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕