(កូឡុំបូ)៖ ទេសាភិបាលធនាគារកណ្តាលស្រីលង្កាលោក Nandalal Weerasinghe បានឱ្យដឹងថា ថវិកាសង្គ្រោះសម្រាប់ស្រីលង្កាពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងជួយប្រទេសក្ស័យធនមួយនេះកាត់បន្ថយការចំណាយលើប្រាក់កម្ចីរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Weerasinghe ខណៈថ្លែងក្នុងបទសម្ភាសមួយកាលពីល្ងាចថ្ងៃអង្គារនៅទីក្រុងកូឡុំបូថា មូលនិធិ IMF នឹងអនុញ្ញាតឱ្យស្រីលង្កាប្រើប្រាស់មូលនិធិពីមូលនិធិសង្គ្រោះចំនួន ៣ពាន់លានដុល្លារដើម្បីរ៉ាប់រងការចំណាយរបស់រដ្ឋាភិបាល។ ថវិកាសង្គ្រោះកន្លងមកចំនួន ១៦កញ្ចប់របស់ប្រទេសអាស៊ីខាងត្បូងនេះ គឺផ្តោតតែលើការគាំទ្រដល់ជញ្ជីងទូទាត់ប៉ុណ្ណោះ។

លោក Weerasinghe បានមានប្រសាសន៍ថា៖ «វានឹងសម្រួលដល់តម្រូវការខ្ចីប្រាក់របស់រដ្ឋាភិបាលពីទីផ្សារក្នុងស្រុក។ កត្តានេះនឹងជួយបន្ថយអត្រាការប្រាក់ និងបន្ធូរបន្ថយសម្ពាធលើអត្រាការប្រាក់ក្នុងស្រុកបន្ថែមទៀត»។

បច្ចុប្បន្ន ទិន្នផល (អត្រាគូប៉ុង) សម្រាប់ប័ណ្ណរតនាគារស្រីលង្កាដែលមានអាយុកាលមួយឆ្នាំមានអត្រា ២៦%។

មូលបត្របំណុលក្នុងស្រុកដែលផុតអាយុកាលនៅខែកក្កដា ឆ្នាំ២០៣៣ មានស្ថិរភាពកាលពីថ្ងៃអង្គារ បន្ទាប់ពីមូលនិធិ IMF បានប្រកាសកម្មវិធីផ្តល់ថវិកាសង្គ្រោះរយៈពេល ៤៨ខែសម្រាប់ប្រទេសនេះ។ ទឹកប្រាក់ដំបូងចំនួន ៣៣៣លានដុល្លារពីមូលនិធិ IMF និងការផ្តល់មូលនិធិថ្មីៗពីស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគីផ្សេងទៀត ត្រូវបានរំពឹងថានឹងជួយស្តារស្ថិរភាព និងកសាងឡើងវិញនូវប្រាក់បម្រុងរូបិយប័ណ្ណបរទេសនៅក្នុងប្រទេសដែលកំពុងប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចនេះ។

គោលបំណងនៃកម្មវិធីថវិកាសង្គ្រោះរបស់ IMF នេះគឺចង់ឃើញអតិផរណាធ្លាក់ចុះត្រឡប់មករកគោលដៅពី ៤%-៦% វិញនៅដើមឆ្នាំ២០២៥។ IMF បានផ្តល់អនុសាសន៍ឱ្យធនាគារកណ្តាលប្រទេសស្រីលង្កាគួរតែត្រៀមខ្លួនកែសម្រួលជំហររបស់ខ្លួនបន្ថែមទៀតនៅកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕