(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងជប៉ុននៅសប្តាហ៍នេះបានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីរ៉ែសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី ដែលជាគន្លឹះក្នុងការពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់អាគុយរបស់ប្រទេសទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោកប្រធានាធិបតីអាមេរិក Joe Biden ថា កិច្ចព្រមព្រៀងដែលបានចរចារយ៉ាងឆាប់រហ័សនេះហាមឃាត់ប្រទេសទាំងពីរមិនឱ្យមានការរឹតបន្តឹងការនាំចេញទ្វេភាគីនូវសារធាតុរ៉ែដែលមានសារៈសំខាន់បំផុតសម្រាប់អាគុយរថយន្តអគ្គិសនី។

សារធាតុរ៉ែទាំងនេះរួមមាន លីចូម នីកែល កូបាល់ ក្រាហ្វីត និងម៉ង់ហ្គាណែស។

កិច្ចព្រមព្រៀងនេះក៏មានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិក និងជប៉ុនលើរ៉ែប្រភេទនេះរបស់ប្រទេសចិនផងដែរ តាមរយៈការតម្រូវឱ្យមានការសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹង «គោលនយោបាយ និងការអនុវត្តមិនមែនទីផ្សារ» របស់ប្រទេសផ្សេងទៀតក្នុងវិស័យនេះ និងកិច្ចសហការលើធ្វើការត្រួតពិនិត្យការវិនិយោគលើការវិនិយោគបរទេសនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗរបស់ពួកគេ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Yasutoshi Nishimura បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា ប្រទេសជប៉ុនបានធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ។

លោក Nishimura បានមានប្រសាសន៍ថា៖ «ដោយសារតែតម្រូវការអាគុយរថយន្តអគ្គិសនីត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង ការធានាបាននូវសារធាតុរ៉ែសំខាន់ៗសម្រាប់ការផលិតអាគុយគឺជាបញ្ហាបន្ទាន់»៕