(មេនឆេស្ទើ)៖  ខ្សែបម្រើស្លាប​ កីឡាករ Alexis Sanchez បានអវត្តមានក្នុងការហ្វឹកហាត់ត្រៀមប្រកួតទល់នឹងក្លឹប Juventus ក្នុងក្របខណ្ឌ UEFA Champions League រដូវកាលឆ្នាំ2018-2019 នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៨ នាកីឡដ្ឋាន​ Old Trafford នេះបើតាមការអះអាងរបស់កាសែតក្នុងប្រទេសអង់គ្លេស The Time បានចេញផ្សាយថ្ងៃនេះ។

ពុំទាន់មានរបាយការណ៍ជាក់លាក់ដែលបញ្ជាក់អំពីហេតុផលនៅពីក្រោយការអវត្តមានកីឡាកររូបនេះនៅឡើយ ទោះជាយ៉ាងណា កីឡាករជម្រើសជាតិឈីលីរូបនេះមិនសប្បាយចិត្តទៅនឹងការសម្រេចរបស់អ្នកចាត់ការក្លឹបលោក​ Jose Mourinho ដែលមិនសូវបានដាក់ឲ្យចូលលេងញឹកញាប់ដូចកាលពីមុន។

ក្រៅពី Sanchez កីឡាករ Jesse Lingard, Diogo Dalot និង Marouane Fellaini ក៏បានអវត្តមានក្នុងការហ្វឹកហាត់ថ្ងៃនេះដែរ។

នៅដើមរដូវកាលឆ្នាំ២០១៨/១៩ Sanchez មិនសូវបានលេងជាប់លាប់ពេញលេញឡើយ ក្នុងរដូវកាលនេះដែរ Sanchez បានចូលលេងពេញ ៩០នាទីបានតែម្ដងគត់ក្នុង Premier League គឺក្នុងប្រកួតទល់នឹង Leicester City កាលពីខែសីហាកន្លងទៅដែលក្លឹប Manchester United បានឈ្នះក្នុងលទ្ធផល ២-១ ចំណែកប្រកួតទល់នឹង Chelsea កាលពីថ្ងៃសៅរ៍កន្លងទៅ រូបគេបានចូលលេងត្រឹមតែជាង ១០នាទីប៉ុណ្ណោះ។

បញ្ជាក់ផងថា ចាប់តាំងពីផ្ទេរមកកាន់ក្លឹប Manchester United នៅដើមឆ្នាំ ២០១៨នេះ Alexis Sanchez បានបង្ហាញខ្លួនឲ្យក្លឹបចំនួន ២៦លើកហើយរកគ្រាប់បាល់បាន ៤គ្រាប់​ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៦ដង៕