(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសថា នាវេលាម៉ោង ២រសៀលថ្ងៃទី២៤ ខែតុលាស្អែកនេះ ក្លឹបនឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពីដំណើរវិវត្តន៍ថ្មីៗរបស់ក្លឹប និងការត្រៀមរដូវកាលថ្មី។ តើសន្និសីទសារព័ត៌មាននេះ អាចពាក់ព័ន្ធនឹងកៅអីគ្រូថ្មី ដែលភ្នំពេញក្រោន កំពុងទំនេរ ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា បច្ចុប្បន្នកៅអីគ្រូបង្វឹកក្រុមភ្នំពេញក្រោន កំពុងទំនេរ បន្ទាប់ពីលោក Sean Sainsbury ចែកផ្លូវជាមួយក្លឹបកាលពីពេលថ្មីៗ។ ទន្ទឹមជាមួយគ្នា ក៏មានព័ត៌មានជាបន្ដបន្ទាប់ថា គ្រូបង្វឹករបស់ភ្នំពេញក្រោន ដែលត្រូវដឹកនាំក្រុមនារដូវកាលថ្មី នឹងត្រូវប្រកាសក្នុងខែតុលា ហើយអាចពាក់ព័ន្ធនឹងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino ទៀតផង។ ហេតុនេះ ជុំវិញការប្រកាសរៀបចំសន្និសីទសារព័ត៌មានខាងលើ ក៏អាចពាក់ព័ន្ធនឹងរឿងគ្រូបង្វឹកថ្មីនេះដែរ។

គួរបញ្ជាក់ថា លោក Sean Sainsbury បានដឹកនាំក្រុមភ្នំពេញក្រោន ១រដូវកាល ក្នុងឆ្នាំ២០១៨ ប៉ុន្ដែមិនសូវទទួលបានលទ្ធផលកបប្រសើរឡើយ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា បន្ទាប់ពីឆ្លងកាត់ ២២ប្រកួតឈ្នះ១១ ស្មើ៣ និងចាញ់៨ មាន ៣៦ពិន្ទុ និងធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះចាំមើល តើវត្តមានគ្រូបង្វឹកថ្មីរបស់ភ្នំពេញក្រោន ដែលត្រូវជំនួសកៅអីលោក Sean Sainsbury គឺជាគ្រូបង្វឹកជនជាតិអ្វី?