(ភ្នំពញ)៖ ជាការពិត​កម្មវិធី «Cambodia ‘s Got Talent» ត្រូវបានគេសង្កេតឃើញថា មានការគាំទ្រជាច្រើន ពីសំណាក់មហាជនទូទាំងប្រទេស ខណៈមកទល់នឹងពេលនេះ គឺដំណើរការដល់វគ្គ Live Show សប្តាហ៍ទី៤ហើយ។ អ្វីដែលប្លែកនោះ គឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ មានបេក្ខភាពជាច្រើន បានបង្ហាញសមត្ថភាពយ៉ាងទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏មានក្រុមខ្លះ ក៏ទទួលបានប៊ូតុងមាស ថែមទៀតផង។ យ៉ាងណាមិញ សម្រាប់ក្នុងសប្តាហ៍ទី៤ នេះកុមារា ស៊ាប ឈៀងហេង មិនធ្វើឲ្យទស្សនិកជនខកបំណងនោះទេ ខណៈគណៈកម្មការកិត្តិយស គឺអ្នកស្រី អម្ពរ ទេវី បានសម្រេចចុចប៊ូតុងមាស ដោយសារភាពរំភើបស្ទើរស្រក់ទឹកភ្នែក ព្រោះសមត្ថភាពរបស់កុមារារូបនេះ។

ជាការកត់សម្គាល់ក្នុងវគ្គ Live Show សប្តាហ៏ទី៤ កុមារា ស៊ាប ឈៀងហេង ដែលត្រូវបានមហាជនដាក់រហ័សនាមថា «បណ្ឌិតអក្សរសាស្រ្ត​ខ្មែរ» បានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពផ្នែកអក្សរសាស្រ្តរបស់គេ តាមរយៈការសូត្រកំណាព្យដ៏ស្ទាត់ជំនាញ។ លើសពីនេះ ក្រោយពីបញ្ចប់ការបង្ហាញសមត្ថភាព លើឆាកដ៏អស្ចារ្យមួយនេះ កុមារា ស៊ាប ឈៀងហេង បានថ្លែងប្រាប់ដល់គណៈកម្មការ និងទស្សនិកជនថា បំណងប្រាថ្នារបស់ខ្លួននាថ្ងៃអនាគត គឺចង់ក្លាយជា «បណ្ឌិតអក្សរសាស្ត្រខ្មែរ»។ កាលដែលបានឮដូច្នេះ អ្នកស្រី អម្ពរ ទេវី បានសម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ព្រមទាំងនិយាយទាំងអួលដើមកទៀតផង ព្រោះក្តីរំភើប ពេលឃើញកុមារាកម្ពុជា ចេះចាំផ្នែកអក្សរសាស្រ្តបែបនេះ ដោយមិនរង់ចាំយូរ អ្នកស្រី បានចុចប៊ូតុងមាសភ្លាម ​ដោយមិនស្ទាក់ស្ទើរអ្វីឡើយ។

យ៉ាងណាមិញ សម្រាប់ទេពកោសល្យ និងសមត្ថភាពរបស់កុមារា ស៊ាប ឈៀងហេង ត្រូវបានមហាជនទូទៅមានការកោតសរសើរគ្រប់គ្នា ទាំងសមត្ថភាពសម្តែងលើឆាក និងមានសុជីវធម៌ក្នុងការនិយាយស្តី ខណៈការបានប៊ូតុងមាស ពីគណៈកម្មការនៅពេលនេះ គឺពិតជាស័ក្តិសមខ្លាំង​ ចំពោះ​កុមារារូបនេះ៕