(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Aubameyang រកបាន ២គ្រាប់ជួយឲ្យក្លឹបកាំភ្លើងធំ Arsenal ទទួលបាន ៣ពិន្ទុ ក្រោយយកឈ្នះក្រុមភ្ញៀវកញ្រ្ជោងខៀវ Leicester City ៣-១ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៨-២០១៩ ក្នុងសប្តាហ៍ទី៩ នាថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨ ដែលការប្រកួតធ្វើឡើងកីឡដ្ឋាន Emirates។

សម្រាប់គ្រាប់បាល់១គ្រាប់នាំមុខរបស់ក្លឹប Leicester គឺកើតចេញពីការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករខ្សែការពារ Bellerin ខណៈក្លឹប Arsenal ក៏តាមពីក្រោយរកបាន ៣គ្រាប់វិញដោយកីឡាករខ្សែបម្រើប្រយុទ្ធ Mesut Ozil រកបាន១គ្រាប់នៅនាទីទី៤៥ ដែលជានាទីទីចុងតង់ទី១ គ្រាដែលកីឡាករខ្សែប្រយុទ្ធឆ្នើម Aubameyang ធ្វើបានសម្រេច ២គ្រាប់បន្ថែមនៅនាទីទី៦៣ នឹងនាទីទី៦៦។

សូមបញ្ជាក់ផងថា នេះជាការប្រកួតក្នុងក្របខណ្ធលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៨-២០១៩ បញ្ចប់សប្តាហ៍ទី៩ សម្រាប់នៅក្នុងចំណាត់ថ្នាក់តារាងពិន្ទុក្លឹបកាំភ្លើងធំ Arsenal ស្ថិតនៅលេខទី៤ មាន២១ពិន្ទុ គ្រាដែលក្លឹបកញ្រ្ជោង Leicester មាន១៤ពិន្ទុស្ថិតនៅលេខទី១១ បណ្តោះអាសន្ន៕