(ភ្នំពេញ)៖ តារាស្រីពហុជំនាញនូវតែរក្សាបាន ការគាំទ្រ និងប្រជាប្រិយភាពអ្នកនាង ​ខាត់ សុឃីម មុននេះបន្តិច បានបញ្ចេញសារបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សម្រាប់ហាជន ខណៈដែលនាងបានបង្ហាញអំពីមហិច្ឆតា ដោយការសង្សំលុយទិញមាស រហូតដល់ទៅ៥០ដំឡឹងឯណោះ។

ជាមួយគ្នានៃការបង្ហាញមហិច្ឆតា ដ៏កម្ររបស់អ្នកនាង ខាត់ ​សុឃីម នេះដែរ នាងក៏បានទម្លាយពីអារម្មណ៍ពិតផ្ទាល់ខ្លួន ដើម្បីបំផុសឲ្យមហាជនខ្មែរ ពិសេសនារីៗត្រូវតែខិតខំជំនះរាល់ឧបសគ្គ និងតស៊ូឲ្យបាននូវអ្វីដែលជាការតាំងចិត្ត ឬបំណងប្រាថ្នាករបស់ខ្លួន ។ អ្នកនាង ខាត់ សុឃីម លើកឡើងថា «ខ្ញុំទទួលស្គាល់ខ្ញុំមាន​មហិច្ឆតាខ្ពស់បន្តិច គឺចង់សន្សំមាសឲ្យបាន៥០ដំឡឹង ដោយកំលាំងញើសឈាម ដោយមុខរបរកំប៉ិកកំប៉ុករបស់ខ្ញុំ»

អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា «ខ្ញុំសន្សំមាស ​​ផ្តើមដំបូង​ទិញ៣ជី លុយទិញមាសបានពីការច្រៀងរាំ ​និងភ្លេងបុរាណរហូតដល់ឥឡូវនេះបាន ៥ជី ហើយវាមិនច្រើន​សម្រាប់គេអ្នកមាន តែវាច្រើនសម្រាប់ខ្ញុំ នៅរយៈពេល​ច្រើនឆ្នាំ នៃការប្រឹងប្រែង តស៊ូ របស់ខ្ញុំ កុំបោះបង់នៅក្តីស្រមៃ ទោះមានឧបសគ្គយ៉ាងណាក៏ដោយ»

លើសពីនេះទៀតអ្នកនាង ខាត់ សុឃីម ក៏បានបន្ថែមដែរថា «ពីមុនខ្ញុំប៊ិះនឹងដួលម្តងៗដែរ តែខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំត្រូវក្រោកឈរ ខ្ញុំត្រូវរឹងប៉ឹង ទីបំផុត​បានមកដល់ថ្ងៃនេះអ៊ីចឹង នាងខ្ញុំ សូមប្រាប់ដល់មិត្តនារីមួយចំនួន កុំចុះចាញ់ ត្រូវតស៊ូ ធ្វើអីដែលយើងចង់បាន គ្នានការជោគជ័យណាមិនឆ្លងកាត់ ការបរាជ័យ និង​ឧបសគ្គនោះទេ សំខាន់ត្រូវផ្តល់កំលាំងចិត្តឲ្យខ្លួនឯងឲ្យបានច្រើន ហើយប្រាប់ខ្លួនឯងថា ត្រូវធ្វើឲ្យបានជិវិត​អ្នកសិល្បៈ»

សូមបញ្ជាក់សម្រាប់តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ត្រូវបានមហាជនមើលឃើញថា តារារូបនេះ តែងតែប្រមូលបាននូវចំណូលពីវិស័យសិល្បៈ បានច្រើនក្រាស់ក្រែសជាងគេ ក្នុង១ឆ្នាំៗ ខណៈដែលរូបនាងមានជំនាញច្រើនបែប ពោលគឺទាំងសម័យ និងបុរាញ។ ជាពិសេស ចូលដល់រដូវមង្គលការនៅឆ្នាំថ្មីនេះ គេអាចប៉ាន់ស្មានថា ខាត់ សុឃីម នឹងមានឱកាសទទួលកម្មវិធីមង្គលការ បានចំណូលទាំងខ្ទាស់ៗទៀតហើយ ព្រោះនេះជាមុខរបរត្រូវប៉ាន់មួយសម្រាប់នាង​ និងគ្រួសាររបស់នាងទាំងមូលផងដែរ៕