(ភ្នំពេញ)៖​ លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងដឹកនាំក្រុមយុវជន U15 នៃសាលាបាល់ទាត់ជាតិបាទី បានបដិសេធភ្លាមៗ បន្ទាប់ពីមានការលើកឡើងថា លោកអាចនឹងចូលដឹកនាំក្លឹបមួយនៃលីគកំពូលកម្ពុជា ។

បុរសជនជាតិកូរ៉េរូបនេះ បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំមិនទាន់បានពិភាក្សារឿងកិច្ចសន្យាជាមួយក្លឹបកម្ពុជាណាមួយនៅឡើយទេ ដូច្នេះសូមកុំយល់ខុសចំពោះខ្ញុំអី!» ។ ការលើកឡើងបែបនេះ ដោយសារមានការកាត់តរូបរបស់លោក ដោយភ្ជាប់ជាមួយនឹងអត្ថន័យស្វាគមន៍លោក Lee ឆ្ពោះទៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន ខណៈភ្នំពេញក្រោន ត្រៀមធ្វើសន្និសីទសារព័ត៌មានស្អែកនេះ ហើយអាចពាក់ព័ន្ធនឹងរឿងគ្រូថ្មីផងដែរ ព្រោះបច្ចុប្បន្នកៅអីគ្រូបង្វឹកក្រុមជើងឯក ៦សម័យកាលនេះ កំពុងទំនេរ ។

យ៉ាងណាមិញលោក Lee បានទទូចកុំឲ្យមានការយល់ច្រឡំ ដ្បិតលោកគ្មានការចរចាជាមួយក្លឹបណាមួយ នៃលីគកំពូលកម្ពុជាឡើយ ។ ដូច្នេះចាំមើលតើរឿងពិតទៅជាយ៉ាងណា? ហើយសមាសភាពគ្រូបង្វឹកថ្មីរបស់ក្លឹបភ្នំពេញក្រោន គឺជាលោក Lee Tae​ Hoon ដូចការលើកឡើងរបស់អ្នកគាំទ្រ ឬជាគ្រូបង្វឹកថ្មី មកពីប្រទេសណា? សូមកុំភ្លេចចាំអ៊ុតទាំងអស់គ្នា ជាមួយនឹងសន្និសីទសារព័ត៌មានរបស់ក្លឹបភ្នំពេញក្រោន នាម៉ោង ២រសៀលថ្ងៃទី២៤ ខែតុលាស្អែកនេះ៕