(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ​ប្រាកដជា​នៅចាំច្បាស់ ​អតីត​បេក្ខភាព​ក្នុង​កម្មវិធី «The Voice Cambodia» រដូវ​កាល​ទី ១ លី សុខ​ណេ​ត ដែល​​ជា​កូនក្រុមរបស់ ឱក សុគន្ធ​កញ្ញា ដោយគេសង្កេតឃើញថា ក្នុង​រយៈពេល​ប្រឡង លី សុខ​ណេ​ត ហាក់​ទទួលបាន​ការចាប់​អារម្មណ៍ និង​គាំទ្រ​មិនធម្មតា ​តាមរយៈ​ទឹកដម​សំឡេង​ស្អក​ ដ៏​ពីរោះ​របស់​រូបគេ ប៉ុន្តែ​យ៉ាងណា​រូបគេ​ក៏ត្រូវ​បាន​ជម្រុះ​ចេញពី​កម្មវិធី និង​ស្ងប់ស្ងាត់​រហូតមកដល់​ពេលនេះ​។​ យ៉ាងណាមិញ ក្រោយ​​ស្ងប់​ស្ងា​ត់មិនមានសកម្មភាពក្នុងសិល្បៈ អស់រយៈមួយខ្យល់ធំមក ស្រាប់តែ​ថ្មីៗ​នេះ ​គេ​បានឃើញ​អតីត​បេក្ខភាព ​រូប​សង្ហា​សំឡេង​ស្អក លី សុខ​ណេ​ត លេចមុខ​ជាថ្មី ចូលប្រឡូក​ក្នុងការ​សម្តែង ​ខ្សែភាពយន្តខ្នាត​ធំ​​លើកដំបូង ដែល​ពេលនេះ​កំពុងដំណើរការ​ថត​។

ជាការពិតណាស់ តាម​រយៈ​​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​«ឥន្ទ្រី​យ​ហ្វី​ម» បានឲ្យដឹងថា លោក លី សុខ​ណេ​ត បាន​ហក់​ចូលការសម្តែង​ក្នុង​រឿង «​សង្សារ​១៤​ថ្ងៃ​» ដែល​រឿងនេះ ដកស្រង់​ចេញពី​​ស្នាដៃ​និពន្ធប្រលោមលោក​ របស់​អ្នកនិពន្ធ​ល្បីឈ្មោះ សុខ ចាន់​ផល​។ ទន្ទឹមគ្នានេះ ​ក្នុង​សាច់រឿង «​សង្សារ​១៤​ថ្ងៃ​» អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី ១ លោក លី សុខ​ណេ​ត ត្រូវបានគេដឹងថា លោកក្តោប​ក្ដាប់បាន​តំណែង​សំខាន់មួយ ដោយ​បានសម្តែង​ជា​តួអង្គ ​ស្រឡាញ់​ភេទ​ដូចគ្នា​។ ទាក់ទង​នឹង​ការសម្តែង​នេះដែរ លី សុខ​ណេ​ត បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត ដែល​បាន​ចូលរួម​សម្តែង​ក្នុង​រឿង​ខ្នាត​ធំ​នេះ ហើយ​​​ក៏​ជា​រឿង​ដំបូង​របស់ខ្លួន​។​

​ជាមួយគ្នានេះ ប្រិយមិត្តទស្សនិកជន លី សុខ​ណេ​ត កន្លងមក បានបង្ហាញ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​បានដឹង​អតីត​បេក្ខជន «The Voice» រូបនេះ បានហក់​ចូលក្នុង​អាជីព​សម្តែង​ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយខ្យល់ធំ ពីសិល្បៈទាំងការច្រៀង និងសម្ដែង​៕