(ភ្នំពេញ)៖ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (Cambodia Mixed Martial Arts Federation) ដែលអ្នកគាំទ្រច្រើនស្គាល់ជាប្រភេទកីឡា MMA ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងឡើងវិញ ដើម្បីបំផុសប្រភេទកីឡាចម្រុះក្បាច់គុនមួយនេះឲ្យមានការរីកចម្រើន បន្ទាប់ពីបង្កើតសហព័ន្ធលើកដំបូង កាលពីឆ្នាំ២០១៦ តែមិនសូវមានសកម្មភាព។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការជំរុញសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឲ្យដំណើរឡើងវិញ នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញថា សហព័ន្ធនេះ បានកើតឡើងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ តែដោយសារមានបញ្ហាមួយចំនួន បានធ្វើឲ្យសហព័ន្ធ មិនសូវមានសកម្មភាព។ តែក្រោយរៀបចំប្រព័ន្ធគ្រប់គ្រងឡើងវិញ លោករំពឹងថា កីឡានេះ នឹងមានការរីកចម្រើន នាថ្ងៃអនាគត។

បន្ថែមលើនេះ ដោយទទួលបានការគាំទ្រធ្វើជាប្រធានសហព័ន្ធលោកក៏បានប្ដេជ្ញាខ្ពស់ ក្នុងការជំរុញប្រភេទកីឡាចម្រុះក្បាច់គុននេះ ឲ្យមានការរីកចម្រើន និងមានទីផ្សារប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិឲ្យបានគ្រប់គ្រាន់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា។ ពិសេសលោកបានសង្កត់ធ្ងន់ថា នឹងធ្វើឲ្យគុនចម្រុះកម្ពុជា ឬ MMA កម្ពុជា មានឈ្មោះជា កម្មសិទ្ធិ(ប្រ៊ែននែម) មួយ ដែលអន្ដរជាតិទទួលស្គាល់ជាសកល តាមរយៈការច្របាច់បញ្ចូលគ្នារវាងក្បាច់គុនបុរាណខ្មែរនានា។ ដូច្នេះលោកក៏ទាមទារឲ្យ​មានកិច្ចសហការពីគ្រប់សហព័ន្ធពាក់ព័ន្ធផងដែរ។

យ៉ាងណាមិញក្រោយប្រកាសជំរុញឲ្យសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាដំណើរការឡើងវិញ លោក វ៉ាត់ ចំរើន ក៏មានគម្រោងរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផ្សេងៗក្នុងពេលឆាប់ៗខាងមុខផងដែរ ដើម្បីបំផុសឲ្យមានការចូលរួម និងការត្រៀមខ្លួនពីឥឡូវទៅ។ ប៉ុន្ដែលោកក៏បានស្នើឲ្យក្លឹបក្បាច់គុនចម្រុះនានា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាគុនចម្រុះកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺការបណ្ដុះបណ្ដាលនូវធនធានកីឡាករ-កីឡាការិនីដែលមានសមត្ថភាពឲ្យបានច្រើនតែម្ដង។

ដោយឡែកចំពោះសមាសភាពថ្នាក់ដឹកនាំសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាពេលនេះ រួមមានលោក វ៉ាត់ ចំរើន ធ្វើជាប្រធាន, លោក ម៉ក់ សំអុល និងលោក កែប៊ិន សូរស្មី ធ្វើជាអនុប្រធាន, លោក ហ៊ុន ច័ន្ទរាជ ជាអគ្គលេខាធិការ និងអ្នកស្រី ឈិន រីយ៉ា ជាអគ្គលេខាធិការរង, លោក អន សុវុឌ្ឍីយ៉ា ជាអគ្គហេរញ្ញិក, កញ្ញា សេង សុខសេរី ជាអគ្គហេរញ្ញិករង និងសមាជិកប្រតិបត្តិ ២រូប រួមមានលោក ធន សកល និងលោក គង់ ចាន់ទីណា៕