(ភ្នំពេញ)៖ រឿង «កូនក្រក» ដែលជារឿងនិយាយអំពីមន្តអាគមកូនក្រក ដោយបានវះយកពីស្រ្ដីមានផ្ទៃពោះនោះ ត្រូវបានផលិតកម្ម LD Picture ដាក់រៀបចំកម្មវិធីសម្ពោធបញ្ចាំងជាផ្លូវការ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៨ យប់មិញនេះ ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉ល សាខាទី១ ជាន់ទី២ ដោយមានការចូលរួមពីសំណាក់ តារាសម្ដែង ផលិតករ អ្នកគាំទ្រ និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ម្ចាស់ផលិតកម្ម LD Picture លោក លៀក លីដា បានឲ្យដឹងថា នេះគឺជាទស្សនិយភាពប្លែកមួយ ខណៈកាលពីកន្លងមក រឿងព្រែងពាក់ព័ន្ធទៅនឹងកូនក្រក ដែលក្មេងជំនាក់ក្រោយ ពុំសូវមានការយល់ដឹង មិនចាប់អារម្មណ៍ និងមិនសូវស្គាល់នោះទេ។ តាមពិតទៅ រឿង «កូនក្រក» មិនបានភ្ជាប់ជាមួយនឹងរឿងអា រ៉ាស្មាច់នោះទេ ប៉ុន្តែគ្រាន់តែលើកយកប្រវត្តិត្រួសៗ និយាយពាក់ព័ន្ធនឹងរឿងកូនក្រក តែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា «សម្រាប់រឿងមួយនេះ មិនមែនបង្កើតឡើង ដើម្បីឲ្យទស្សនិកជន ជឿទៅលើកូនក្រកនេះទេ ហើយក៏មិនមែនចង់ឲ្យមហាជន អនុវត្តន៍ ឬប្រព្រឹត្តអំពើអាក្រក់ ដើរសម្លាប់ស្រ្ដីមានផ្ទៃពោះនោះដែរ ប៉ុន្តែគ្រាន់តែចង់ឲ្យមហាជន បានស្គាល់អំពីសាច់រឿង និងដំណើរដើមទង នៃកូនក្រកតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត រឿងមួយនេះ គឺជាស្នាដៃសម្រិតសម្រាំងមួយ របស់ផលិតកម្ម សម្រាប់ជាចំណីអារម្មណ៍របស់ទស្សនិកជន នាចុងឆ្នាំ ២០១៨នេះ។ អ្វីដែលកាន់តែពិសេស ស្នាដៃមួយនេះ គឺផ្ដោតសំខាន់ទៅលើជំនឿ កូនក្រក ដែលប្រជាជនខ្មែរ តែងមានជំនឿខ្លាំង កាលពីបុរាណកាលមក»។
លោក លៀក លីដា បង្ហាញពីការរំពឹងទុកថា ស្នាដៃថ្មីរបស់ផលិតកម្ម LD Picture មួយនេះ ពិតជាទាក់ទាញខ្លាំងសម្រាប់អ្នកទស្សនា ព្រោះមិនត្រឹមតែបង្ហាញពីការជំនឿ លើកូនក្រកប៉ុណ្ណោះទេ គឺថែមទាំងមានឈុតឆាកជាច្រើនទៀត ប្រជុំដោយតារាល្បីៗចូលរួមសម្ដែង។ រយៈពេល៥ខែកន្លង ទៅរឿងខ្មែរស្ទើរ៩០% ជារឿងខ្មោច។ ដោយឡែករឿង «កូនក្រក» ជារសជាតិថ្មីខុសពីគេ ព្រោះជារឿងឃាតកម្ម ដូចនេះលោកគិតថាទស្សនិកជននឹងគាំទ្រ។
សូមជម្រាបថា រឿង «កូនក្រក» ជាការដឹកនាំសម្ដែងដោយ លោក ពែក មី និងមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើន មានដូចជា អ្នកនាង សុខ សោម៉ាវត្តី, សួង សុខារ៉ានីត, កញ្ញា ហេង ចន្ថា, នាយគ្រឿន, លោក សុវណ្ណ ដានីន, លោក ឡាយ វណ្ណាយុទ្ធ និងតារាសម្ដែងជាច្រើនដួងទៀត៕