(ភ្នំពេញ)៖ ​ប្រទេសកម្ពុជា បានចាប់ផ្តើមនាំយុវតីខ្មែរ​ជាច្រើនរូប យកទៅប្រកួតប្រជែង សម្រស់លើឆាកអន្តរជាតិ និងមានការកោតសរសើរ ពីសំណាក់មហាជន ចំពោះសម្រស់យុវតីជំនាន់ថ្មី​ ក្នុងនោះ​​ដោយកញ្ញាឯកកម្ពុជា ២០១៧ គឺកញ្ញា រឿន ស៊ីណាត វ័យ២១ឆ្នាំ ដែលនឹងត្រូវ​ធ្វើជាតំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងការប្រកួត បវរកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០១៨ នៅប្រទេសថៃ​។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ​ហ្វេសប៊ុកផ្លូវការ របស់ កញ្ញា រឿន ស៊ីណាត បានបង្ហោះវីដេអូ ដែលបង្ហាញ នូវការគ្រងឈុត សម្លៀកបំពាក់​តំណាងជាតិ នៃបវរកញ្ញាចក្រវាលកម្ពុជា សម្រាប់ព្រឹត្តិការណ៍ ប្រកួតបវរកញ្ញាចក្រវាលឆ្នាំ​២០១៨ ដែលនឹងប្រព្រឹត្តិឡើង នៅទីក្រុងបាងកក ប្រទេសថៃ នាពេលខាងមុខនេះ ពិតជាស្រស់ស្អាតមិនធម្មតា​។

ជាការពិត ឈុត​តំណាង​ជាតិ​ខ្មែរ ដែល​នឹង​ត្រៀម​យក​ទៅ​ ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី បវរកញ្ញា​ចក្រវាល​ ២០១៨ មានឈ្មោះ​ថា «កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ» ឬ​ «កម្ពុជា Kingdom of Wonder» ត្រូវ​បាន​គ្រង​ជា​លើក​ដំបូង ​ដោយ​បេក្ខភាពបវរកញ្ញាចក្រវាល ​តំណាងឲ្យ​ប្រទេស​កម្ពុជា ​កញ្ញា ​រឿន ស៊ីណាត​​ ​ដោយ​ទទួល​បាន​ការចាប់អារម្មណ៍ និងកោត​សរសើរ​យ៉ាងខ្លាំង ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ច្រើន ​គួរ​ឲ្យ​កត់​សម្គាល់​។

យ៉ាងណាមិញ បើ​គិត​ត្រឹម​ពេល​នេះ ​វីដេអូ​បង្ហាញ ​ពី​ឈុត​បវរកញ្ញា​ចក្រវាល​នេះ មាន​ការ​ចែក​រំលែក រហូត​ដល់​ទៅ​ជាង​១ពាន់​ដង​ទៅ​ហើយ ដែល​ឈុតនេះ ត្រូវបានបង្ហោះ​ចេញពី​គណនី Facebook ផ្ទាល់​ របស់​​កញ្ញា រឿន ស៊ីណាត តែ​ម្ដង។

គួរ​បញ្ជាក់ ថា ​ឈុត​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​ និងរចនា​ឡើង អស់​រយៈ​ពេល​ដល់​ទៅ​ជាង​២​ខែ​ ដោយ​បានផ្សារភ្ជាប់​នូវ ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់ និង​ប្រវត្តិ​សាស្រ្តបុរាណ​របស់​ខ្មែរ​យ៉ាង​ស្រស់​ត្រកាល​។ មួយវិញទៀត ឈុត​​ «កម្ពុជាព្រះរាជាណាចក្រ​អច្ឆរិយៈ» ឬ​ «កម្ពុជា Kingdom of Wonder» មួយនេះ ត្រូវ​បាន​ចំណាយ​ថវិកា​ដល់​ទៅ​ជាង​​ ៣ពាន់​ដុល្លារ​ឯណោះ ក្នុងការផលិតឡើង៕