(ភ្នំពេញ)៖ កញ្ញាឯកកម្ពុជាជាច្រើនដួង បានធ្វើដំណើរទស្សនកិច្ច ទៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដើម្បីចែករំលែកបទពិសោធរបស់ពួកគេ ដល់យុវតីជំនាន់ក្រោយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ​។  លោក ម៉ែន និមលរតន៍ ដែលជាអ្នកទទួលបន្ទុកកម្មវិធីនេះ បានឲ្យដឹងថា នេះគឺជាលើកទី៦ហើយ ដែលកម្មវិធី «University Tour» បានធ្វើឡើង ខណៈលើកមុនៗ ធ្លាប់បានធ្វើនៅតាមសាលកវិទ្យាល័យនានា នៅរាជធានីភ្នំពេញ។

កម្មវិធី «University Tour»​ ដែលធ្វើនៅ​សាកលវិទ្យាល័ជាតិគ្រប់គ្រងនៅថ្ងៃនេះ មានការចូលរួមដោយ​បវរកញ្ញាឯកកម្ពុជា ឆ្នាំ២០១៧ ដែលពួកគេបានធ្វើបទបង្ហាញទៅកាន់និសិ្សត ទាក់ទងនឹងបទពិសោធ ការប្រឡងក្នុងកម្មវិធីបវរកញ្ញឯកកម្ពុជា នឹងការត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិជាដើម។ លោក ម៉ែន និមលរតន៍ ថ្លែងប្រាប់ពីគោលបំណងនៃកម្មវិធីនេះ យ៉ាងដូច្នេះថា «​តាមរយៈការចែករំឡែកបទពិសោធនេះដែរ បវរកញ្ញាឯកកម្ពុជា ឆ្នាំ២០១៧ បានធ្វើបទបង្ហាញពីកាន់និសិ្សតផ្សេងគ្នា ក្នុងនោះ មានដូចជា​ បទពិសោធនៃការ អភិវឌ្ឍបុគ្គិលលក្ខណៈ, សារៈសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ និងទេសចរណ៍, ការតុបតែងខ្លួន និងការបង្ហាញម៉ូតជាដើម។ អ្វីដែលពិសេសកម្មវិធីនេះ មានការលេងហ្គេម ដើម្បីបង្កភាពសប្បាយរីករាយ និងបង្កើនភាពស្និត្ធស្នាលរវាង​និសិ្សត និងបវរកញ្ញាទៀតផង»

លោក ម៉ែន និមលរតន៍ បានសង្កត់ធ្ងន់ថា «កម្មវិធីទស្សនកិច្ចនៅតាមសាកលវិទ្យាល័យនេះ គឺចូលរួមដោយបវរកញ្ញាឯក កម្ពុជាឆ្នាំ២០១៧ ដោយក្រៅពីគោលបំណងខាងលើ គឺមានការលើកទឹកចិត្តនិសិ្សត ​នៅប្រទេសកម្ពុជា ​ឲ្យចូលរួមដាក់ពាក្យប្រកួតក្នុងកម្មវិធី «កញ្ញាឯកកម្ពុជា ឆ្នាំ២០១៨»​ ខណៈកញ្ញាឯកកម្ពុជាមិនត្រឹមតែសំដៅលើរូប​សម្បត្តិ​ សម្រស់ប៉ុណ្ណោះទេ ពោលគឺត្រូវមានចំណេះដឹងទូទៅ ទូលំទូលាយផងដែរ»

ទោះយ៉ាងណា លោកមិនភ្លេចនោះទេ ក្នុងការសំណូមពរឲ្យបងប្អូនប្រជាជនខ្មែរ ចូលរួមគាំទ្របវរកញ្ញាឯកកម្ពុជា កញ្ញា រឿង ស៊ីណាត ទាំងអស់គ្នា ដែលនាងនឹងតំណាងកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី «Miss Universes» នៅប្រទេសថៃ ខណៈឈុតតំណាងជាតិ សម្លៀកបំពាក់នានា ការហ្វឹកហាត់សមត្ថភាព និងការតុបតែងខ្លួន គឺបានត្រៀមរួចរាល់អស់ហើយ។ ក្នុងនោះ ឈុតតំណាង គឺមានឈ្មោះថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ»​៕