(ភ្នំពេញ)៖ កីឡាករខ្សែបម្រើសញ្ជាតិបារាំង Samir Nasri នឹងអាចវិលចូលទីលានវិញ ក្រោយពីបានធ្វើការត្រួតពិនិត្យសុខភាពជាមួយក្លឹប West Ham United មុនពេលត្រូវបានធ្វើការចរចាគ្នា ជាមួយក្លឹបនៃទីក្រុងឡុងដ៏កាលពីពេលថ្មីៗនេះ។

Nasri ត្រូវបានពិន័យមិនឲ្យចូលប្រកួតជាច្រើន ដោយសារការប្រើប្រាស់សារធាតុហាមឃាត់ ក្នុងពេលប្រកបអាជីពជាមួយក្លឹប Antalyaspor របស់តួកគី បន្ទាប់ពីត្រូវបានផ្ទេរចេញពីក្លឹប Sevilla នៃប្រទេសអេស្ប៉ាញ។

បើតាមការឲ្យដឹងពីសារព័ត៌មានរបស់អង់គ្លេសបានឲ្យដឹងថា អតីតកីឡាកររបស់ក្លឹប Marseille, Arsenal និង Manchester City រូបនេះ ត្រូវបានឲ្យវិលត្រឡប់ចូលទីលានហ្វឹកហាត់វិញក្នុងខែវិច្ឆិកានេះ ក្រោយពីរួចផុតការពិន័យអស់រយៈពេល ១៨ខែ ក្នុងបទប្រើប្រាស់សារធាតុខុសច្បាប់។ Nasri អាចនឹងមកកាន់ក្របខណ្ឌ Premier League វិញជាមួយក្លឹបញញួរធំ West Ham United ដោយចូលរួមលេង ៦ខែសិន មុនឈានដល់ការចុះកិច្ចសន្យាជាផ្លូវការនាពេលក្រោយទៀត។

កីឡាករវ័យ ៣១ឆ្នាំ Nasri អាចចូលលេងបាល់វិញបានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក Manuel Pellegrini ដែលជាអតីតអ្នកចាត់ការរបស់ក្លឹប Man City ផងដែរនាពេលកន្លងមក៕