(ភ្នំពេញ)៖ ខណៈ​ការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The voice kids ​Cambodia» រដូវកាលទី២ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ត្រូវបានបញ្ចប់ដោយជោគជ័យ និងរកឃើញម្ចាស់ពានកាលពីថ្ងៃសៅរ៍សប្តាហ៍មុនហើយនោះ ក៏ស្រាប់តែតារាចម្រៀងស្រី កញ្ញា សួស វីហ្សា បានទម្លាយពីអារម្មណ៍ពិតផ្ទាល់ខ្លួន និងរំឭកអនុស្សាវរីយ៍ទៅកាន់អ្នកគាំទ្រ និងទ្រនំហង្សមាស អំឡុងពេលនាងក្តាប់បានតំណែង ជាគណៈកម្មការ នៅក្នុងកម្មវិធីមួយនេះ បើទោះបីជាកូនក្រុមរបស់ខ្លួន មិនបានទទួលជយលាភីក្ដី។

ផ្អែកតាមសំណេរសរសេររៀបរាប់ ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក តារាចម្រៀងមុខស្រទន់ កញ្ញា សួស វីហ្សា លើកឡើងថា «រូបភាពទាំងអស់នេះ គឺជាអនុស្សាវរីយ៍ដ៏មានន័យបំផុត ក្នុងជីវិតរបស់ខ្ញុំ ពិតជាពេញចិត្តនឹងរំភើបចិត្តខ្លាំង ​នៅពេលដែលខ្ញុំបានក្លាយជាចំណែក ដ៏សំខាន់ម្នាក់ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ​The voice kids Cambodia រដូវកាល​ទី២នេះ»

តារាស្រីមានមន្តស្នេហ៍ កញ្ញា សួស វីហ្សា បន្តទៀតថា «នាងខ្ញុំក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំរបស់ខ្ញុំ ដែលលោកបានផ្តល់ទំនុកចិត្ត នឹងភាពជឿ​ជាក់ មកលើសមត្ថភាពរបស់នាងខ្ញុំ អាចឲ្យខ្ញុំបានកាន់តំណែងជា Coach នេះ ​ហើយក៏​សូមអរគុណដល់ក្រុមការងារ របស់មហាគ្រួសារហង្សមាសទាំងអស់ គ្រប់ជាន់ថ្នាក់ដែល​តែងតែផ្តល់ភាពកក់ក្តៅ នឹងរួមសហការ​គ្នាបានយ៉ាងហ្នឹង»

បន្ថែមពីលើនេះ តារាចម្រៀងចង្កាព្រែក កញ្ញា សួស វីហ្សា និយាយទៀតថា «ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណ ចំពោះពុកម៉ែបងប្អូន ពូមីងលោកយាយ លោកតា កុមារា កុមារីទាំងអស់ ដែលបានស្រឡាញ់គាំទ្ររូបនាងខ្ញុំ យ៉ាងច្រើនលើសលប់ តាំងពីដើមរហូតមកដល់ពេលនេះ ដោយក្តីគោរព ពីនាងខ្ញុំ សួស វីហ្សា Sous visa»

សូមជម្រាបថា ចំពោះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក ​«The voice kids Cambodia» រដូវកាលទី២ របស់ស្ថានីយទូរទស្សន៍ហង្សមាស ត្រូវបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃសៅរ៍ទី១០ សប្តាហ៍មុន​ ដោយក្នុងនោះសម្រាប់បេក្ខជនម្ចាស់ជយលាភី ត្រូវបានរកឃើញ ​ជាកូនក្រុមរបស់កំពូលតារាចម្រៀងស្រី​ ឱក សុគន្ធកញ្ញា គឺប្អូនប្រុស ទេព ពិសិដ្ឋ​៕