(ភ្នំពេញ)៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino បានប្រតិកម្ម និងមានការភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងការលើកឡើងរបស់កីឡាករ ចាន់ វឌ្ឍនាកា លើបណ្ដាញសង្គមកាលពីពេលថ្មីៗ ដែលចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិកម្ពុជា ហើយគ្រូបង្វឹកថ្មីរបស់ក្រុមភ្នំពេញក្រោននេះ បានយកទស្សនៈរបស់លោក Michael Jordan មកប្រាប់ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះថា «ឧបសគ្គមិនអាចបញ្ឈប់អ្នកបានទេ!»

លោក Leonardo បានបង្ហោះថា «វឌ្ឍនាកា ជាទីរាប់អាន! ខ្ញុំសន្យាមិននិយាយអំពីក្រុមជម្រើសជាតិហើយខ្ញុំនឹងមិននិយាយទេ។ ខ្ញុំគ្រាន់តែចង់និយាជាមួយក្មេងប្រុសម្នាក់ ដែលតំណាងឱ្យប្រទេសរបស់អ្នកនៅឆ្នាំនេះ ដោយអស់ពីដួងចិត្ត និងការយកចិត្តទុកដាក់ដើម្បីអ្នកឱ្យប្រសើរឡើង។ ខ្ញុំដឹងពីអារម្មណ៍របស់អ្នកពេលខ្លះ ប៉ុន្ដែខ្ញុំដឹងថាអ្នកមានភាពរឹងមាំហើយតើ ការលះបង់របស់អ្នកជាកីឡាករបាល់ទាត់យ៉ាងណា»

«យើងបានរួមគ្នាកាលពីពេលកន្លងមកនៅក្នុងក្រុមជម្រើសជាតិ ហើយខ្ញុំដឹងពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះប្រទេសរបស់អ្នក។ ខ្ញុំអាចនិយាយបានថា ខ្ញុំជឿជាក់លើសក្តានុពលរបស់អ្នក ហើយខ្ញុំចង់ប្រាប់អ្នកនូវរឿងមួយ ដែលខ្ញុំស្តាប់ពីលោក Michael Jordan «ឧបសគ្គមិនចាំបាច់បញ្ឈប់អ្នកបានទេ!»។ ប្រសិនបើអ្នករត់ចូលជញ្ជាំងកុំត្រឡប់ក្រោយហើយបោះបង់។ បង្ហាញពីរបៀបដែលអាចឡើងវា ឆ្លងកាត់វា ឬធ្វើការនៅជុំវិញវា»។ បុរសជនជាតិប្រេស៊ីលបន្ថែម។

ចុងក្រោយបុរសវ័យ ៤៤ឆ្នាំរូបនេះ បានសម្ដែងការគាំទ្រ និងលើកទឹកចិត្តដល់កីឡាកររហស្សនាម CV-11 ត្រូវបន្ដការតស៊ូលើវិថីបាល់ទាត់របស់ខ្លួន ហើយលោកនៅតែគាំទ្រ ចាន់ វឌ្ឍនាកា ជានិច្ច។ លោកថា ការងារបន្ទាប់នឹងមានការគាំទ្ររបស់ខ្ញុំ នៅពហុកីឡាដ្ឋាន ព្រោះខ្ញុំនៅតែគាំទ្រអ្នកលេង ដែលតំណាងឱ្យបាល់ទាត់កម្ពុជាទាំងអស់នៅអាស៊ី។ សំណាងល្អមិត្តរបស់ខ្ញុំ និងសូមកុំបោះបង់ កុំបោះបង់ចោល!»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗ ចាន់ វឌ្ឍនាកា បានបង្ហោះសារមួយ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំង ដោយសរសេរថា «ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជាប់ជម្រើសជាតិទេ»។ សារនេះធ្វើឡើង ក្រោយក្រុមគោព្រៃកម្ពុជា ប្រកួតចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៤-១ ក្នុងពានរង្វាន់ AFF Suzuki Cup 2018 ពូល A។ តែអ្វីដែលរឹតតែធ្វើឲ្យអ្នកគាំទ្រ​ចាប់អារម្មណ៍គឺ វឌ្ឍនាកា បានតប Comment របស់អ្នកគាំទ្រម្នាក់ថា «បាទមិនយូទេ» បន្ទាប់ពីអ្នកគាំទ្ររូបនោះសរសេរ «ចូលនិវត្តន៍ទៅចឹង»។ ប៉ុន្ដែយ៉ាងណាមិញ គេឃើញមានអ្នកគាំទ្រយ៉ាងច្រើន សុទ្ធតែបានគាំទ្រ វឌ្ឍនាកា តស៊ូជាមួយអាជីពបាល់ទាត់ ដើម្បីជួយក្រុមគោព្រៃកម្ពុជាបន្ដបន្ទាប់ទៀត៕