(ភ្នំពេញ)៖ ជារឿងមួយ ធ្វើឱ្យមហាជនកោតសរសើរ និងចូលរួមត្រេកអរ ដល់ក្រុម រតនៈ វិបុល ដែលបានទទួលមេដាយមាស និងមេដាយប្រាក់ (ប៊ូតុងមាស និងប៊ូតុងប្រាក់) ពីក្រុមហ៊ុនយូធូប តាមរយៈវីដេអូកំប្លែង បង្កសំណើច សើចក្អាកក្អាយ តាំងពីដើមរហូតដល់ចប់ ដែលសម្តែងដោយ ក្មេងៗចំនួន១០។ ជាមួយនឹងភាពជោគជ័យ ផ្នែកផលិតវីដេអូកំប្លែងពេលនេះ រឹងតែធ្វើឱ្យប្រជាប្រិយភាព របស់ក្រុម រតនៈ វិបុល មានសន្ទុះទីផ្សារច្រើនកកើនឡើង ព្រោះក្រៅពីអាចរកចំណូលពី YouTube ហើយនោះ គឺមានបណ្តាក្រុមហ៊ុននានា ដាក់ស្ពតពាណិជ្ជកម្ម ដែលអាចឱ្យក្រុមនេះ រកចំណូលបានយ៉ាងតិច ២ម៉ឺនដុល្លារ ក្នុងមួយខែ។

ភ្ជាប់ជាមួយនឹងរូបភាព ក្មេងៗកាន់បង្ហាញមេដាយមាស និងមេដាយប្រាក់ ដែលទទួលបានពីក្រុមហ៊ុន YouTube លោក រតនៈ វិបុល បានសរសេរនូវសារប៉ុន្មានឃ្លារថា «ដំណឹងរីករាយ ក្នុងខណៈនេះក្រុមសម្ដែងពួកខ្ញុំ បានទទួលមេដាយប្រាក់ និងមេដាយមាស ពីក្រុមហ៊ុនយូធូប ហើយបងប្អូន។ សូមអរគុណ ពុកម៉ែបងប្អូន អ្វីដែលពួកខ្ញុំទទួលបានក្នុងថ្ងៃនេះ ក៏ព្រោះតែការស្រលាញ់ និងគាំទ្ររបស់បងប្អូន (ខ្មែរស្រលាញ់ខ្មែរ🇰🇭🇰🇭🇰🇭) ស៊ែមួយបងៗ»

លោក រតនៈ វិបុល ធ្លាប់បានបញ្ជាក់ប្រាប់ Khmer Talking និងFresh News ថា «បើទោះបីជាសមាជិកសម្តែង សុទ្ធសឹងតែមានវ័យក្មេងៗ និងពិបាកគ្រប់គ្រងក៏ពិតមែន ប៉ុន្តែលោកនឹងខិតខំធ្វើឱ្យបានល្អ ហើយពេញចិត្តជានិច្ច នូវសមទ្ធិផលដែលទទួលបាន»។ លោកថា «លោកនឹងព្យាយាមដឹកនាំសម្តែងឱ្យបានល្អ ទាំងខ្លឹមសារនៃសាច់រឿង បង្កប់នូវការអប់រំជាដើម ទោះវីដេអូទាំងនោះ ជាការផ្សព្វផ្សាយពាណិជ្ជកម្មក៏ដោយ»

យ៉ាងណាមិញ ចំពោះមសទ្ធិផល ដែលក្រុមកំប្លែងវ័យក្មេង ទទួលបាននៅពេលនេះ គឺបានធ្វើឱ្យមហាជនជាច្រើន ចូលរួមសាទរជំនួស ព្រមទាំងកោតសរសើរនូវការខំប្រឹងសម្តែង និងទេពកោសល្យ របស់ក្មេងៗក្នុងក្រុមរតនៈ វិបុល ដែលមានសមាជិក ១០នាក់នេះផងដែរ៕