(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ កីឡាករ ម៉ឺន ដា បានយកឈ្នះកីឡាករថៃ យ៉តភេត ភេតផូសៃ ក្នុងកម្មវិធី Muay Thai Super Champ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមដែលធ្វើឡើងនៅសង្វៀន Super Champ គ្រាដែល១គូទៀត កីឡាករ មុត ខ្លឹមស បានវាយចាញ់ពិន្ទុកីឡាករថៃ ភេត ប៉ែតសែន ដែលការប្រកួតធ្វើនៅសង្វៀន Muay Thai ក្នុងកម្មវិធី Max Muay Thai នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ នាប្រទេសថៃ។

ក្នុងការប្រកូតដ៏ស្វិតស្វាញរវាងកីឡាករ ម៉ឺន ដា បានវាយផ្តួលកីឡាករថៃ យ៉តភេត ភេតផូសៃ ពីការសម្រុកវាយយ៉ាងខ្លាំងក្នុងទឹកទី២ បានធ្វើឲ្យ ភេតផូសៃ មិនអាចបន្តការប្រកួតបានទៀត។ បន្ទាប់ពីការប្រកួតនេះផងដែរបានធ្វើឲ្យកីឡាករគុនខ្មែរ ម៉ឺន ដា ដែលមានវ័យ ២៥ឆ្នាំ ប្រកួតបាន ៥១ដង ឈ្នះ៤១ដង និងចាញ់១០ដង។

សម្រាប់ការប្រកួតដ៏កក្រើករវាងកីឡាករ មុត ខ្លឹមស បានវាយចាញ់ម្ចាស់ខ្សែក្រវាត់ថៃ ភេត ប៉ែតសែន ដោយពិន្ទុដែលការប្រកួតមានត្រឹមតែ ៣ទឹកប៉ុណ្ណោះ។ ក្រោយបញ្ចប់ការប្រកួតនេះ ធ្វើឲ្យកីឡាករ មុត ខ្លឹមស ប្រកួតបាន ៤៤ដង ឈ្នះ ៣១ដង ចាញ់ ១២ដង និងស្មើ១ដង៕