(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា របស់កម្ពុជាបានឆ្លងកាត់ការប្រកួតមិត្តភាពអន្ដរជាតិទី៣ នៅប្រទេសថៃរួចហើយ ដោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ MOF Cuostoms United របស់ថៃ ១-១ នៅកីឡដ្ឋាន Customs តែក្រុមទាំងពីរ បានណាត់គ្នាប្រកួតមិត្តភាពម្ដងទៀតនាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ។

សម្រាប់ជំនួបមិត្តភាពលើកទី១ របស់ក្រុមទាំងពីរ បានកើតឡើងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្រុមវិសាខា បានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ដោយប្រើពេលត្រឹម ៧នាទីប៉ុណ្ណោះ ក្រោមការទាត់បាល់ពិន័យ ១១ម៉ែត្រពីកីឡាករ កែវ សុខផេង។ បន្ទាប់មកការប្រកួតបានបន្ដរហូតដល់ចុងម៉ោង ទើបកីឡាករក្រុម Customs United វាយបកតាមស្មើ ១-១។

យ៉ាងណាមិញក្រុមទាំងពីរ នឹងជួបគ្នាម្ដងទៀតនាល្ងាចថ្ងៃអង្គារស្អែកនេះ ស្របពេលក្រុមវិសាខា កំពុងបោះជំរុំហ្វឹកហាត់ នៅប្រទេសថៃ ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ។ លើសពីនេះ វិសាខា ក៏គ្រោងនឹងមានការប្រកួតមិត្តភាព ១ប្រកួតទៀត ជាមួយក្រុមម្ចាស់ផ្ទះថៃ ក្រោយជួបក្រុមត្រៀមឡើងលីគទី២ Customs United មុនធ្វើដំណើរនិវត្ដន៍ទៅប្រទេសកម្ពុជាវិញនាថ្ងៃទី១៨ ខែមករាខាងមុខផងដែរ៕