(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិក (E-Sport) Klach Ey បានធ្វើឲ្យរឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងក្នុងគ្រួសារកីឡា E-Sport កម្ពុជា ក្រោយបានផ្ដួលក្រុមជើងខ្លាំងបន្ដបន្ទាប់ ដើម្បីលើកពានទាំងថ្នាក់ជាតិ និងអន្ដរជាតិ កាលពីចុងសប្ដាហ៍ កន្លងទៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២-១៣ ខែមករាចុងសប្ដាហ៍មុន សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំព្រឹត្តិការណ៍ ធំៗចំនួនពីរនៅផ្សារទំនើប AEON សែនសុខ រួមមានការប្រកួតជុំចុងក្រោយនៃជើងឯកទូទាំងប្រទេស និងព្រឹត្តិការណ៍ អន្ដរជាតិ MATIC 2019។

សម្រាប់ជើងឯកទូទាំងប្រទេសជុំចុងក្រោយមាន ១២ក្រុមចូលរួម ហើយជាលទ្ធផលក្រុម Klach Ey បានផ្ដួលគូប្រជែង បន្ដបន្ទាប់ រហូតឡើងវគ្គផ្ដាច់ព្រ័ត្រជួបក្រុមខ្លាំង Never Care បានយកឈ្នះអតីតក្រុមជើងឯកងច្រើនសម័យកាលនេះ ក្នុងលទ្ធផល ២-១ ដើម្បីលើកពានជើងឯកទូទាំងប្រទេសតែម្ដង។

ក្រោយលើកពាន ក្រុម Klach Ey បានសិទ្ធិចូលរួមប្រកួតព្រឹត្តិការណ៍ MATIC 2019 ដែលមានក្រុមភ្ញៀវ ៣ប្រទេសចូលរួមដូចជាក្រុម Ali Huaye មកពីចិន, ក្រុម Safety First មកពីប្រទេសថៃ ខណៈ ១ក្រុមទៀត គឺក្រុម Suicide មកពីប្រទេសម៉ាឡេស៊ី។ ក្នុងការប្រកួតក្នុង Klach Ey បានរក្សាភាពខ្លាំងដូចការប្រកួតថ្នាក់ជាតិដែរ ដោយផ្ដួលគូប្រជែងជាបន្ដបន្ទាប់ ហើយបានឡើងវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម Suicide នឹងបានយកឈ្នះក្រុមម៉ាឡេស៊ីនេះ ២-០ ដើម្បីគ្រងជើងឯកទៀត។

ជាមួយនឹងការប្រកួតកីឡាអេឡិចត្រូនិកអន្ដរជាតិនេះដែរ សម្រាប់ក្រុមជយលាភី Klach Ey គឺទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់ ៦,០០០ដុល្លារ និងក្រុមជើងឯករងមកពីម៉ាឡេស៊ី Suicide ទទួលបានប្រាក់រង្វាន់ ៣,០០០ដុល្លារ៕