(សុខភាព)៖ អាហារទាំងអស់សុទ្ធតែផ្តល់គុណប្រយោជន៍ដល់រាងកាយ តែការតមអាហារនៅតែមាន។ មនុស្សមួយចំនួនសុខចិត្តបង្អត់អាហារពេលព្រឹក ឬល្ងាចខ្លួនឯង ព្រោះតែខ្លាចលើសជាតិខ្លាញ់ ឬស្ករដែលបង្កផល ប៉ះពាល់ដល់សុខភាព។ ការពិតទៅបើអ្នកគ្រាន់តែស្វងយល់បន្តិចថា អាហារណាគួរញុំាពេលណា និងពេលណា គួរចៀសវាង អ្នកក៏មិនចាំបាច់ធ្វើបាបខ្លួនឯងទៀតដែរ។ ហេតុនេះហើយអត្ថបទនេះសូមណែនាំអាហារ ៨ មុខ ជាមួយនឹងពេលវេលាដែលស័ក្តិសមគួរញុំា និងពេលវេលាដែលគួរចៀសវាង។

១. ផ្លែប៉ោម គួរទទួលទានពេលព្រឹក ព្រោះសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិចទីន (Pectin) ជាសារធាតុ ស្ករងាយរលាយ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ អ្វីដែល កាន់តែពិសេសផ្លែប៉ោមមានអត្ថប្រយោជន៍ជួយលុបបំបាត់នូវសារធាតុដែលបង្កជំងឺមហារីក។ គួរចៀសវាងទទួល ទានពេលល្ងាច ឬពេលយប់ព្រោះអាស៊ីតសរីរាង្គរបស់ផ្លែប៉ោម នឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលបង្ក ឲ្យមានការឈឺក្រពះ។ ម៉្យាងទៀត Pectin នឹងបន្ថែមសម្ពាធដល់ប្រព័ន្ធរំលាយអាហារផងដែរ ប្រសិនញុំាំនៅពេល យប់។

២. ស្ករស គួរទទួលទានពេលព្រឹក ឬពេលថ្ងៃ ព្រោះជាពេលដែលអាំងស៊ុយលីននៃរាងកាយរបស់យើង ធ្វើការ បំបែកជាតិស្ករបានយ៉ាងមានប្រសិទ្ធភាព។ គួរចៀសវាងទទួលទានពេលយប់ ព្រោះជាពេលដែលជាតិ ស្ករអាចបង្កើននូវជាតិខ្លាញ់នៅក្នុងរាងកាយ និងបង្កការរំខានរបស់ការគេងរបស់អ្នកនៅពេលយប់ផងដែរ។

៣.ចេក គួរទទួលទានពេលថ្ងៃត្រង់ ព្រោះចេកជាប្រភេទផ្លែឈើដែលសម្បូរនូវជាតិសរសៃ ហើយក៏ជាអ្នកសម្របសម្រួលដល់ការរំលាយអាហារដែរ។ មិនត្រឹមតែប៉ុណ្ណោះចេកជាឱសថធម្មជាតិ ដែលអាចបន្សាបជាតិអាស៊ីតក្នុងក្រពះ និងបន្ថយអាការៈចុកឆ្អល់ចុងដង្ហើមផងដែរ។ គួរចៀសវាងទទួលទាននៅពេលយប់ ព្រោះការទទួលទានផ្លែចេកពេលយប់ អាចបណ្តាលឲ្យមានការកកើតឡើងនូវសំបោរ ឬស្លេស្មជាដើម។ ប្រសិនបើអ្នកញុំានៅពេលពោះទទេ អាចមានការប៉ះពាល់ដល់ក្រពះ ព្រោះវាជាប្រភពនៃម៉ាញេស្យូម។

៤. ក្រូច គួរទទួលទានពេលថ្ងៃ ព្រោះវាជួយដល់ប្រព័ន្ធរំលាយអាហារ ជួយបញ្ចេញជាតិពុល និងបង្កើនការធ្វើមេតាប៉ូលីស។ គួរចៀសវាងទទួលទានពេលព្រឹក ឬពេលភ្ញាក់ពីគេង ព្រោះការញុំាពេលពោះទទេ អាចបង្កឲ្យមានការចេញទឹកអាស៊ីតក្រពះកាន់តែច្រើន និងអាចឈានដល់ការរលាក្រពះ។

៥. បាយ គួរទទួលទានពេលថ្ងៃ ព្រោះជាពេលដែលការរំលាយអាហារបានល្អជាងគេ និងអាចឲ្យរាងកាយប្រើប្រាស់ កាបូអ៊ីដ្រាតបានប្រសើរ។ គួរចៀសវាងទទយលទានពេលយប់ ដោយសារការញុំា បាយពេលយប់ ធ្វើឲ្យជាតិខ្លាញ់ក្នុងរាងកាយកើនឡើង។

៦. ទឹកដោះគោ គួរទទួលទានពេលយប់ ទឹកដោះគោក្តៅឧណ្ហៗ អាចជួយសម្រួលការធ្វើការរបស់រាងកាយ ក៏ដូចជាជួយអ្នកឲ្យគេងលក់ស្រួលផងដែរ។ គួរចៀសវាងទទួលទានពេលព្រឹក ជាពិសេសបើអ្នកមិនមានការធ្វើលំហាត់ប្រាណ ដោយហេតុថា វាអាចឲ្យអ្នកពិបាកក្នុងការរំលាយអាហារ និងធ្វើឲ្យអ្នកពិបាកទទួលទានអាហារថែមទៀតផង។

៧. ឈីស គួរទទួលទានពេលព្រឹកព្រលឹម សម្រាប់អនកដែលមិនញុំាសាច់ វាជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួសសាច់។ បើញុំាឈីសក្នុងបរិមាណសមល្មម នោះវាអាចបង្ការនួវការឡើងទំងន់។ គួរចៀសវាងទទួលទានពេលយប់ ផលវិបាកចម្បងជាងគេ គឺបញ្ហាក្នុងការរំលាយអាហារ និងឡើងទំនង់។

៨. សាច់ គួរទទួលទាន ពេលថ្ងៃត្រង់ ព្រោះវាសម្បូរដោយប្រូតេអ៊ីន ដែលជួយបង្កើនកម្លាំង និងភាពរឹងមាំដល់រាងកាយ ព្រមទាំងជួយដាស់អារម្មណ៍ និងស្មារតីឲ្យមានភាពស្រស់ថ្លា។ គួរចៀសវាងទទួលទានពេលយប់ ព្រោះសាច់ជាអាហារពិបាកក្នុងការកិនបំបែក និងត្រូវចំណាយពេលយូរ អាចធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់អ្នក និងអាចធ្វើឲ្យអ្នកឡើងទំងន់ទៀតផង៕