(ភ្នំពេញ)៖ មានការចាប់អារម្មណ៍ជាច្រើន បន្ទាប់ពីពិធីករដ៏ល្បី ដែលមានឈ្មោះថា អ៊ឹង រដ្ឋា ហៅនាយទុយ ត្រូវបានអ្នកតាមដានបណ្តាញសង្គម ដាក់ការសង្ស័យថា លោកកំពុងប្រើប្រាស់គ្រឿងញៀន ដោយផ្អែកលើវីដេអូ Live របស់តារារូបនេះ ឃើញមានដកទឹកសុទ្ធ និងបំពង់ទុយោ ច្នៃជាឧបករណ៍ជក់គ្រឿងញៀន ព្រមទាំងមានការជក់បារី និងទឹកមុខ នាយ ទុយ ស្លេកស្លាំងថែមទៀត។ យ៉ាណាមិញ ក្រោយបានឃើញព័ត៌មាន ធ្វើការចុះផ្សាយជាហូរហែរ ពីនាយទុយ រួចមក ចន ច័ន្ទលក្ខិណា និងអ៊ឹង និមល ជាប្អូនស្រីបង្កើត ទ្រាំមើលនឹងភ្នែកមិនបាន ក៏បង្ហោះសារភ្លាម ក្នុងន័យបញ្ឈប់ការយល់ច្រឡំ ទៅលើពិធីកររូបនេះតទៅទៀត។

នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩ នាយទុយ ក៏បានធ្វើការ Live វីដេអូ ដើម្បីជាការបកស្រាយ ក្រោយឃើញព័ត៌មាន ថាខ្លួនមិនបានប្រើប្រាស់គ្រឿងញៀន ដោយលើកហេតុផលជាច្រើនថា ដបទឹក និងទុយោ ដែលលោកប្រើ គឺជាដបទឹកធម្មតា មិនដូចអ្វីដែលគេចោទប្រកាន់នោះទេ។

ក្រោយឃើញវីដេអូ របស់នាយទុយ ដែលបង្កឱ្យមានការសង្ស័យរួច លោក ផែ វណ្ណៈ បានចោទជាសំនួរក្នុងបណ្តាញសង្គមថា «ដបទឹកផឹករបស់ពិធីករគេផឹកអញ្ចឹង​?»

ងាកមកកញ្ញា អ៊ឹង និមល ជាប្អូនស្រី បានសរសេរសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «អរគុណអ្នកទាំងអស់គ្នា ដែលរាប់អាន និងបារម្មណ៍ពីបងប្រុសរបស់ខ្ញុំ​ ទាំងឆាត និងខលមកខ្ញុំ សុំទោសខ្ញុំអត់មានពេលបកស្រាយ និងឆ្លើយសំនួរអ្នកទាំងអស់គ្នាបានអស់នោះទេ បើច្រើនម្លឹងៗ ព្រោះបងប្រុសខ្ញុំគាត់ live បកស្រាយហើយ ខ្ញុំគិតថាយល់ហើយណា ឈប់សួរខ្ញុំទៀត ព្រោះខ្ញុំមានការងារ ដែលត្រូវធ្វើរកលុយចិញ្ចឹមក្រពះ»

ជាមួយគ្នានេះ អ្នកស្រី ចន ច័ន្ទលក្ខណា ក៏មិនបង្អង់យូរដែរ ក៏បង្ហោះសារមួយចំនួន មានខ្លឹមសារថា «តាមរយៈការបកស្រាយវីដេអូនេះហើយ នៅមានការលើកមតិជាច្រើន ដែលជាចំណុចអវិជ្ជមាន បើគាត់ហ៊ានពិនិត្យទឹកនោម ដើម្បីបកស្រាយ បញ្ជាក់ការពិតឱ្យបងប្អូន ដែលចង់ដឹងរឿងរបស់គេអស់ចិត្ត តើបងប្អូនមានអ្វីឱ្យគាត់វិញ? ឱ្យលុយ ឱ្យផ្ទះ ឱ្យការងារមានប្រាក់ខែដល់គាត់ឬ? ខ្ញុំមិនកាន់ជើង និងគាំទ្រលើកទឹកចិត្តអ្នកប្រើប្រាស់គ្រឿងញៀនទេ តែខ្ញុំនិយាយតាមការបកស្រាយរបស់គាត់ គឺគាត់បាននិយាយហើយ តែមតិរបស់មនុស្សមួយចំនួន គឺចូលចិត្តដេញជើង និងជាន់គេណាស់ តាមរយៈរឿងរ៉ាវមួយចំនួនកន្លងមក គឺបើបុគ្គលណាធ្វើអ្វីមួយឆ្គាំឆ្គងហើយ បុគ្គលនោះបានបកស្រាយសុំទោសជាសាធារណៈ នៅតែឃើញមានមតិជាច្រើន ដែលមិនទទួលស្គាល់ យល់ព្រមនូវការសុំទោសទាំងនោះ»

«បញ្ជាក់ថា ប្រជាជនយើងមួយចំនួនគ្មានការអធ្យាស្រ័យជន មានកំហុសដែលដឹខុសនោះទេ ។ សួរថាពួកអ្នកជាអ្វីបានជាត្រូវ បញ្ជារឱ្យគេធ្វើតាមការចង់បានរបស់ខ្លួន ? ទំនេរណាស់មនុស្សមួយចំនួន សំបូរពេលវិភាគរឿងគេណាស់ ហើយក៏ចូលចិត្តរុញមនុស្សឱ្យស្លាប់ដែរ»។ ចន ច័ន្ទលក្ខណា បន្ថែម ។

យ៉ាងណាមិញ មកទល់នឹងពេលនេះ រឿងរ៉ាវរបស់នាយ ទុយ ហាក់ស្ងប់ស្ងាតបន្តិចហើយ តែយ៉ាងណា ទន្ទឹមនឹងការសង្ស័យ ថាលោកកំពុងដើរផ្លូវខុស ក៏មានទស្សនិកជនមួយចំនួន បានលើកទឹកចិត្តនាយ ទុយ ជាបន្តផងដែរ ឱ្យលោកមានភាពរឹមមាំឡើង និងតស៊ូបន្ត ព្រោះបើតាមគេមើលវីដេអូទៅ លោកហាក់អស់សង្ឃឹម និងមានទុក្ខកង្វល់ចាប់ខ្លួន មិនធូរស្បើយសោះ៕