(ភ្នំពេញ)៖ កាលពីម្សិលមិញនេះ ពោលគឺថ្ងៃទី​១៣ ខែមករា កំពូលតារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រារព្ធធ្វើពិធី ជួបជុំអ្នកគាំទ្រ ដើម្បីអបអរគម្រប់ខួប១៥ឆ្នាំ ដែលនាងបានឈានជើងចូលវិថីសិល្បៈ។ ក្នុងនោះ ក្នុងពិធីគម្រប់ខួប១៥ឆ្នាំរបស់​តារចម្រៀងស្រីរូបនេះ ពោរពេញដោយបរិយាកាស សប្បាយរីករាយ គួរឲ្យចាប់អារម្មណ៍​។

ជាការពិត តាមរយៈវីដេអូ និងរូបភាពជាច្រើនសន្លឹក ដែលអ្នកនាង ពេជ្រ សោភា បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់នាង ពិតជាពិសេស ជាមួយនឹងការរៀបចំ នំខេកយ៉ាងធំ និងមានការចូលរួមយ៉ាងច្រើន ពីសំណាក់អ្នកជិតស្និទ្ធរបស់នាងជាច្រើន ដែលរឹតតែធ្វើឲ្យកម្មវិធីរបស់តារាស្រីរូបនេះ កាន់តែមានភាពអ៊ូអរ ពោរពេញទៅដោយ បរិយាកាសសប្បាយរីករាយ ជាខ្លាំង ។ ជាមួយគ្នានេះ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះ រូបថតរបស់នាងជាច្រើនសន្លឹក ដែលមានចាប់តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ដែលជាពេល នាងចាប់ផ្តើមប្រឡូកក្នុងសិល្បៈ រហូតមកទល់ពេលបច្ចុប្បន្ន។

ក្នុងនោះ ពេជ្រ សោភា ក៏បានបង្ហាញ ពីអារម្មណ៍ដែលនាង​បានឈានជើងចូលសិល្បៈដំបូង ត្រឹមជាក្មេងស្រីក្រីក្រម្នាក់ តែនាង​មានឱកាស បានក្លាយជាតារាចម្រៀង ដ៏មានឈ្មោះបោះសំឡេង និងមាន​ប្រិយមិត្ត ទស្សនិកជន​គាំទ្រច្រើន​ យ៉ាងច្រើនសន្ធឹកសន្ធាប់។

គួរបញ្ជាក់ថា អ្នកនាង ពេជ្រ សោភា បានប្រឡូកចូលក្នុងសិល្បៈ​តាំងពីឆ្នាំ ២០០៤ ដែលគិតមកដល់ពេលបច្ចុប្បន្ន មានរយៈពេល១៥ ឆ្នាំហើយ ដែលតារាស្រីរូបនេះ បានឈានជើងចូល វិថីសិល្បៈ តែនាងនៅតែអាចរក្សាបានប្រជាប្រិយភាព និងអាចឈរជើង​នៅក្នុងសិល្បៈ ឲ្យកាន់តែល្បីល្បាញឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជានាងធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ រហូតធ្លាក់ខ្លួនជាអ្នកមេម៉ាយ ដល់សព្វថ្ងៃនេះទៅហើយក្ដី៕