(ភ្នំពេញ)៖ ជាការពិតទស្សនិកជនធ្លាប់តែឃើញ កញ្ញា រឿន ស៊ីណាត បង្ហាញទេពកោសល្យដើរម៉ូត យ៉ាងជឿជាក់ លើឆាកអន្តរជាតិ ក្នុងកម្មវិធី «Miss Universe» ឯប្រទេសថៃ កាលពីកន្លងទៅថ្មីៗនេះ។ តែយ៉ាងណា ក្រោយពីត្រឡប់មកពីប្រកួតក្នុងកម្មវិធីនេះវិញ នាងតែងតែបញ្ចេញសកម្មភាពនានា ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ក្នុងអាជីពសិល្បៈ ខណៈថ្មីៗនេះ ទស្សនិកជនបានចាប់អារម្មណ៍គ្រប់គ្នា ដោយបានចាប់យកអាជីពសិល្បៈមួយបន្ថែមទៀត គឺសម្តែងភាពយន្ត ដោយបើកទំព័រឆ្នាំថ្មីភ្លាម នាងបានបញ្ចេញទេពកោសល្យសម្ដែងកុនភ្លែត តាមរយៈរឿងខ្នាតខ្លី មានចំណងជើងថា « រឹងមាំ »។

ជាការពិត សម្រាប់រឿងខ្លី ដែលមានចំណងជើងថា «រឹងមាំ» នេះ គឺជាស្នាដៃដំបូងរបស់ រឿង ស៊ីណាត ក្នុងការប្រឡូកខ្លួនចូលវិស័យភាពយន្ត។ ទោះមិនធ្លាប់មានបទពិសោធន៍ និងពិបាកចូលតួក៏ពិត មែនតែនាងបានប្រាជ្ញា ថាធ្វើទាល់តែបាន ខណៈគ្រាន់តែបង្ហោះរូបប៉ុន្មានសន្លឹក បង្ហាញពីអត្ថន័យខ្លះៗ ក្នុងសាច់រឿង សឹងតែធ្វើឱ្យទស្សនិកជនអន្ទះសារ ចង់ទស្សនារឿងនេះគ្រប់ៗគ្នាទៅហើយ។

កញ្ញា រឿន ស៊ីណាត បានថ្លែងប្រាប់ Khmer Talking និង Fresh News ថា «សម្រាប់ការសម្តែងរឿងដំបូង ដែលមានចំណងជើងថា «រឹងមាំ» នេះ គឺពិតជាពិបាកខ្លាំងណាស់ សម្រាប់ខ្ញុំ ព្រោះជាប្រភេទរឿងដែលកម្សត់ តម្រូវឱ្យឱ្យខ្ញុំចូលតួខ្លាំង ទាំងយំ លេងទឹកមុខ និងមានទឹកភ្នែកពិតៗ បើនិយាយទៅ គឺពិបាកខ្លាំងសម្រាប់ខ្ញុំ ព្រោះជារឿងដំបូង»

បវរកញ្ញាស្រស់សោភា មុខមានមន្តស្នេហ៍ រឿន ស៊ីណាត បានសង្កត់ធ្ងន់ថា «នៅប្លង់ដំបូង គឺពិបាកសម្ដែងដំបូងមែនទែន ព្រោះអៀនជាមួយតួឯកប្រុស សូម្បីតែកែវភ្នែកមិនហ៊ានមើលដាក់តួប្រុសផង ជាហេតុធ្វើឱ្យខ្ញុំសម្ដែងខុសជាច្រើនដង នាំតែបានមួយប្លង់ៗ គឺខុសច្រើនម៉ង»។ ភ្ជាប់ជាមួយគ្នានេះ រឿង ស៊ីណាត ក៏បានបង្ហាញក្តីរំពឹងថា ការសម្ដែងរឿងខ្លីដំបូង​ នឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះជារឿងថ្មីរបស់នាង និងមានហ្វេនៗរង់ចាំទស្សនាច្រើន ។

គួរជម្រាប់ថា ខ្សែភាពយន្តខ្នាត់ខ្លីមានចំណងជើងថា «រឹងមាំ» គឺជាខ្សែរភាពយន្ត ដែលឆ្លុះបញ្ចាំងពីភាពតស៊ូ ប្រឹងប្រែងរបស់នារីម្នាក់ ដែលត្រូវឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជីវិត ដោយមានភាពរឹងមាំ ក្រោកឈរ ដោយខ្លួនឯង។ រឿងនេះ មានការចូលរួមសម្តែងជាលើកដំបូង ពី សំណាក់ បវរកញ្ញា ចក្រវាល កម្ពុជា ២០១៨ កញ្ញា រឿន ស៊ីណាត និង តារា ប្រុសឆ្នើម គឺលោក SoolCool៕