(ភ្នំពេញ)៖ តារាចម្រៀង ក្នុងស្រទាប់យុវវ័យ លោក គូម៉ា ដែរបានសម្ដែងក្នុងខ្សែភាពយន្តមួយដំបូងគេ មានចំណងជើងថា «អង្រឺង»។ ជាមួយនឹងការបង្ហាញវត្តមាន ក្នុងវិស័យភាពយន្ត​លើកដំបូងនេះ លោកក៏បានត្អូញត្អែរផងដែរ ពីភាពលំបាកលំបិន អំឡុងពេលសម្ដែង ពោលគឺមិនដូចនឹងការសម្ដែង ក្នុងបទចម្រៀង​ខារ៉ាអូខេ របស់លោកនោះទេ។

តារាចម្រៀងបែបយុវវ័យម្ចាស់បទ «ប្រពន្ធខ្ញុំទេបង» លោក គូ​ម៉ា បាន​ប្រាប់​​ឲ្យដឹង​ថា ទោះបី​រឿងនេះ ជា​ភាពយន្ត​លើកដំបូង​មែន ​ប៉ុន្តែ​លោក​ហាក់​ពេញចិត្ត​ខ្លាំង ​នឹង​សាច់រឿង​ថ្មី​ប្លែក អមដោយ​ខ្លឹមសារ​អប់រំ​សំខាន់ៗ ​ក្នុង​សាច់រឿង កំប្លែង និង​មនោសញ្ចេតនា​ស៊ីជម្រៅ​​។ ប៉ុន្តែការថត​ភាពយន្ត​បែប​ភ័យ រន្ធត់​ដំបូង​នេះ ​លោក​ឆ្លងកាត់​ការលំបាក​ជាច្រើន​ ជាមួយ​ក្រុមការងារ​ផលិត​រួមទាំង​ការថត​រហូតទល់​ភ្លឺ ក្នុងព្រៃ ជួប​ភ្លៀង ក៏មាន​ក្រុមការងារ​ខ្លះ​របួស​ផងដែរ​។

ទោះបីជាត្រូវឆ្លងកាត់នូវឧបសគ្គ ភ្លៀវ ខ្យល់ និងអត់ងងុយទល់ភ្លឺបន្តិចក្ដី ប៉ុន្តែលោក គូម៉ា បានសម្ដែងក្ដី​រំពឹង​​​ថា ទស្សនិកជន​ដែល​និយម​ទស្សនា​ភាពយន្ត​ខ្មែរ និង​ភាពយន្ត​បែប​ភ័យរន្ធត់ នឹងចូលរួម​គាំទ្រ​ស្នាដៃ​ ដែល​លោក​បាន​ចូលរួម​សម្តែង​លើកដំបូងនេះ។ យ៉ាងណាមិញ បើទោះបីជា​ទទួល​បានកា​រ​គាំទ្រ​ច្រើនក្តី​ ក៏​តារា​រូបនេះ​បញ្ជាក់ថា​​ លោក​នឹង​មិនមាន​គម្រោង​ថត​ភាពយន្ត​ខ្នាត​ធំ ឲ្យបាន​ច្រើនរឿង​នោះទេ ពោលគឺលោក​ថត​ត្រឹម​មួយឆ្នាំ ​មួយ​រឿង​ប៉ុណ្ណោះ​។

ដោយឡែក លោក អ៊ុន ប៊ុនធឿន អ្នកដឹកនាំ​សម្តែង និង​ជា​ផលិតករ​វ័យក្មេង​ បាន​កោតសរសើរ​ ចំពោះ​សមត្ថភាព​សម្តែង​ដ៏​ប៉ិនប្រសប់ ​របស់​តារា​សម្តែង​ទាំងអស់​ដូចជា​ អ្នកនាង ស្វែង សុជាតា, កញ្ញា សួង ស៊ី​ធឿន, លោក អ៊ុ សុវណ្ណ​គិរី ពិសេស​លោក គូ​ម៉ា តែម្ដង ដែល​ចូល​តួ​បានល្អ​ទាំង​ឈុត​ឆាក​ម នោសញ្ចេតនាកម្សត់​។ រឿងនេះ​​ ជា​ភាពយន្ត​មាន​រសជាតិ​ថ្មី​ប្លែក​សម្រាប់​អ្នកទស្សនា ដែល​លោក​រំពឹងថា​ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ ពី​ទស្សនិកជន​ ព្រោះក្រៅពី​ឈុត​ឆាក​ភ័យរន្ធត់ ភាពយន្ត​នេះ​ ក៏បាន​បញ្ចូល​នូវ​ទស្សនីយភាព​នា​តំបន់ ​ដែលមាន​ទេសភាព​ដ៏ស្រស់ស្អាត​ នៅ​ក្នុងប្រទេសកម្ពុជា​មួយចំនួន​ ផងដែរ​។​​​

​សូម​បញ្ជាក់​ថា ភាពយន្ត​បែប​ភ័យរន្ធត់ និង​កំប្លែង​រឿង​ «អង្រឹង​» របស់​ផលិតកម្ម LD Picture នឹង​ត្រូ​ចាក់​បញ្ចាំង​ជូន​ទស្សនា ​ចាប់ពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​គ្រប់​រោងភាពយន្តទំនើប ​ទាំងអស់​នៅ​កម្ពុជា​៕