(កូរ៉េ)៖ ថ្មីៗនេះ ក្រុមអ្នកគាំទ្ររបស់ BLACKPINK បានសម្តែងការមិនសប្បាយចិត្តនឹងកំហុស ដែលប៉ុស្តិ៍ទូរទស្សន៍អាមេរិក ABC7 បង្កើតឡើង។

កាលពីថ្ងៃទី១២ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) BLACKPINK បានចូលរួមកម្មវិធី «Good Morning America» របស់ ABC7 និងច្រៀងបទល្បីរបស់ពួកគេ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងគឺ «Ddu-Du Dudu-Du» ដោយការសម្តែងផ្ទាល់នៅក្នុងស្ទូឌីយោមានភាពល្អឥតខ្ចោះ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនទៀតផង។

បន្ទាប់មក ប៉ុស្តិ៍ទូរទស្សន៍អាមេរិក ABC7 ក៏បានបង្ហោះវីដេអូនៃការសម្តែងនោះនៅលើ YouTube ដើម្បីឲ្យមហាជន បានទស្សនាព្រឹត្តិការណ៍នេះម្តងទៀត។ ជាអកុសល មានកំហុសកើតឡើងដោយស្មានមិនដល់តាមរយៈវីដេអូ ដែលបានបង្ហោះនៅលើ Youtube នៅពេលចំណងជើងវីដេអូត្រូវបានផ្សាយថា តារាចម្រៀង BLACKPINK «ច្រៀងជាភាសាជប៉ុន» ធ្វើឲ្យក្រុមអ្នកគាំទ្រ ជាពិសេសអ្នកគាំទ្រជនជាតិកូរ៉េមិនពេញចិត្តនឹងការផ្សាយខុសបែបនេះទេ។

បច្ចុប្បន្ន នេះជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងសហគមន៍អនឡាញ ហើយអ្នកគាំទ្រជាច្រើនបានបញ្ចេញប្រតិកម្មរបស់ពួកគេ ចំពោះការផ្សាយរបស់ប៉ុស្តិ៍ ABC7 ប៉ុន្តែយើងមិនទាន់ឃើញមានការឆ្លើយតបវិញយ៉ាងណានោះទេ៕