(ភ្នំពេញ)៖ ជាការពិត បើនិយាយពីបទចម្រៀង ដែលមានចំណងជើងថា «កុំហៅខ្ញុំថា ស្រីចាស់» គឺត្រូវបានទស្សនិកជនជាច្រើន និយមស្តាប់ ជាពិសេសមិត្តនារី ដែលមិនទាន់មានគូស្នេហ៍តែម្តង។ ទន្ទឹមគ្នានេះ ម្ចាស់បទ គឺ កញ្ញា គង់ ចាន់រដ្ឋា ក៏ទទួលបានប្រជាប្រិយភាពមិនស្ទើរដែរ។ យ៉ាងណាមិញ ក្នុងសប្តាហ៍នេះ​ កញ្ញា នឹងមកចូលរួម ជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដើម្បីបង្ហាញនូវអាថ៌កំបាំងផ្ទាល់ខ្លួននានា និងការតស៊ូ ពុះពារឧបសគ្គក្នុងជីវិត ឱ្យទស្សនិកជនបានជ្រាប់ ថាតើ ដំណើរជីវិតក្នុងសិល្បៈ នាងបានជួបបញ្ហាអ្វីខ្លះនោះ។

ជាការកត់សម្គាល់ កញ្ញា គង់ ចាន់រដ្ឋា ត្រូវបានទស្សនិជនស្គាល់ច្រើន តាមរយៈការបង្ហើរសំនៀងក្នុងបទ «កុំហៅខ្ញុំថាស្រីចាស់» ដែលជាចម្រៀង បែបញាក់កន្ត្រាក់អារម្មណ៍ លាយឡំជាមួយនឹងអត្ថន័យ ត្រូវសាច់រឿងនារីមានវ័យរៀងជ្រេរផងនោះ។ អ្វីដែលគ្រប់គ្នាចង់ដឹងនោះ គឺមួយរយៈមកនេះ ទន្ទឹមនឹងភាពល្បីល្បាញតាមរយៈចម្រៀងហើយនោះ គង់ ចាន់រដ្ឋា ក៏ត្រូវបានគេសង្ស័យថា នាងកំពុងមានទំនាក់ទំនងស្នេហ៍ ជាមួយតារាចម្រៀងកូនភ្លោះម្នាក់ ដែលជាតារាស្ថិតក្នុងទ្រនំផលិតកម្មជាមួយគ្នាទៀតផង។

ដូច្នេះ ដើម្បីបញ្ជាក់ប្រាប់ទស្សនិកជនឱ្យច្បាស់ ពាក់ព័ន្ធនឹងរឿងស្នេហា និងអាថ៌កំបាំងនានា ការតស៊ូក្នុងជីវិត នាងនឹងមកបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការ ផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោងដដែល៕