(ភ្នំពេញ)៖ ជាដំណឹងមួយក្រៀមក្រំ និងសោកស្តាយជាទីបំផុត ខណៈលោកតា ផ្លុង មឿក ដែលគ្រប់គ្នាស្គាល់ថា ជាព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ដ៏ល្បីមួយរូប បានទទួលមរណភាព នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ។ ដំណឹងនេះ បានធ្វើឱ្យអ្នកសិល្បៈ និងទស្សនិកជន ដែលនិយមស្តាប់ចម្រៀង អាយ៉ៃ ដែលជាស្នាដៃលោកតា មានការសោកស្តាយយ៉ាងខ្លាំង ព្រោះពេលនេះ សិល្បៈអាយ៉ៃខ្មែរ បានបាត់បង់សិល្បករជើងចាស់ ដ៏មានសមត្ថភាពមួយរូប។

បើតាមប្រភពច្បាស់ការណ៍ បានឱ្យដឹងថា លោកតា ផ្លុង មឿក បានទទួលមរណភាព នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨៖០០ព្រឹក នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ខណៈបច្ចុប្បន្នសពលោកតា តម្កល់នៅវត្ត ស្វាយពពែ រាជធានីភ្នំពេញ និងក្រុមគ្រួសារ កំពុងរៀបចំចាត់ចែង ពិធីបុណ្យសព តាមប្រពៃណីពុទ្ធសាសនា។

យ៉ាងណាមិញ ទោះបីជារូបកាយរបស់លោកតា ផ្លុង មឿក បានចាកឆ្ងាយទៅលោកខាងមុខហើយក្តី តែស្នាដៃបទចម្រៀងអាយ៉ៃល្បីៗរបស់លោកថា ជាច្រើនបានបន្សល់ទុកជាអនុស្សាវរីយ៍ ដូចជាបទអាយ៉ៃឆ្លងឆ្លើយ ដែលមានចំណងជើងថា «អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ» ដែលលោកតាបកស្រាយជាមួយ អ្នកគ្រូ សុខ ហេង ជាដើម៕