(អាមេរិក)៖ Justin Bieber និង Hailey Bieber ដែលគ្រប់គ្នាដឹងហើយថា ពួកគេបានក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ ទោះបីជាមិនទាន់មានពិធីរៀបការជាផ្លូវការក៏ដោយ ប៉ុន្តែកន្លងមកតារាហូលីវូតទាំងពីរបានប្រកាសថា ពួកគេនឹងរៀបការឆាប់ៗ ស្រាប់តែផែនការនេះប្រែប្រួលម្តងហើយម្តងទៀត។

តារាចម្រៀង Justin Bieber និង Hailey បានបោះបង់គម្រោងរៀបការ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ ធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿ ព្រោះតែពួកគេសម្រេចចិត្តដើរផ្លូវជាមួយគ្នាហើយ។ ម្ចាស់បទ «Beauty and A Beat» រូបនេះ ត្រូវបានគេនិយាយថា លោកពន្យារពេលរៀបការ ព្រោះតែចង់ឲ្យសុខភាពប្រសើរឡើងជាមុនសិន ចង់សំដៅទៅលើសុខភាពផ្លូវចិត្តរបស់ Justin ហើយមិនយូរឡើយគេ និង Hailey នឹងរៀបចំពិធីរៀបការ ដោយមានការចូលរួមពីសមាជិកគ្រួសារ មិត្តភក្តិ ប៉ុន្តែពេលនេះមានតែ Hailey ប៉ុណ្ណោះនៅផ្តល់ជាកម្លាំងចិត្ត។

ប្រភពស្និទ្ធនឹងតារាប្រុសរូបនេះបង្ហើបឲ្យដឹងថា តាមពិតអ្នកទាំងពីរបានកំណត់កាលបរិច្ឆេទរួចទៅហើយ ប៉ុន្តែពួកគេចង់រក្សាការសម្ងាត់ និងចង់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលក្នុងថ្ងៃដ៏វិសេសនោះ ដូច្នេះអ្នកទាំងពីរមិនចង់ឲ្យមានការចុះផ្សាយជាមុនទេ រង់ចាំរហូតដល់ពេលវេលាមកដល់នោះគ្រប់គ្នានឹងចងចាំវាមិនភ្លេច៕