(ភ្នំពេញ)៖​ ក្លឹបបាល់ទាត់បឹងកេតអែហ្វស៊ី បានបង្ហាញកីឡាករបរទេស សម្រាប់ត្រៀមរដូវកាលថ្មី ជាផ្លូវការហើយ ដោយក្លឹបនឹងប្រើប្រាស់កីឡាករបរទេស ៥នាក់ ក្នុងនោះមាន ៣នាក់ជាសមាជិកឆ្នាំចាស់ រួមមានកីឡាករជប៉ុន Mizuno Hikaru, កីឡាករនីហ្សេរីយ៉ា Gbenga Ajayi Samuel និង Julius Oiboh ខណៈ ២នាក់ជាកីឡាករថ្មី ទើបចុះកិច្ចសន្យា រួមមានកីឡាករប្រេស៊ីល Purcino Luiz Eduardo និងកីឡាករអេស្ប៉ាញ Carrascosa Munoz Angel។

ការបង្ហាញកីឡាករនេះ បានធ្វើឡើងក្នុងកម្មវិធីបើករដូវកាលថ្មី ឆ្នាំ២០១៩ នៅផ្សារទំនើប Aeon សែនសុខ នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈនេះ ដោយមានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសក្លឹបបឹងកេត រួមទាំងលោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេត ក៏ដូចជាកីឡាករទាំងក្រុមធំ និងក្រុមយុវជន របស់អតីតក្លឹបជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលនេះ ។ ទន្ទឹមជាមួយគ្នា ក្លឹបក៏បានប្រកាសពីម្ចាស់ឧបត្ថម្ភ ក៏ដូចជាឯកសណ្ឋាន សម្រាប់ប្រើប្រាស់ នារដូវកាលថ្មីផងដែរ៕