(អាមេរិក)៖ បន្ទាប់ពីសម្រេចចិត្តភ្ជាប់ពាក្យហើយ Jennifer Lawrence បានបង្ហើបឲ្យដឹងពីជីវិតរស់នៅរបស់នាងនៅពេលនេះ។ តារាសម្តែងស្រី​ក្នុងរឿង Red Sparrow រូបនេះបានភ្ជាប់ពាក្យជាមួយលោក Cooke Maroney កាលពីដើមខែនេះ ដោយនាងបង្ហាញអារម្មណ៍រីករាយ នៅពេលប្រើជីវិតដ៏សាមញ្ញជាមួយបុរសជាគូដណ្តឹង ដែលវាមិនប៉ះពាល់ដល់ភាពជាតារា ហូលីវូតល្បីនោះទេ។

Jennifer Lawrence ស្រឡាញ់ Cooke ព្រោះតែលោកគឺជាមនុស្សល្អ ជាបុរសវៃឆ្លាតនិងរួសរាយ ហើយបុរសម្នាក់នេះក៏មិនបានស្រឡាញ់នាង ក្នុងនាមជាតារាសម្តែងដ៏ល្បីដែរ។ ប្រភពមួយឲ្យដឹងថា អ្នកទាំងពីរត្រូវ បានមិត្តភក្តិណែនាំឲ្យស្គាល់នៅនិទាឃរដូវឆ្នាំមុន ជាពេលវេលាដ៏ល្អ ដោយសារតែពួកគេនៅលីវដូចគ្នា ហើយចាប់ផ្តើមពីភាពជាមិត្តក្លាយជាស្នេហា នៅពេលដែល Jennifer និង Cooke ស្វែងយល់ចិត្តគ្នាបានច្រើន។ ពេល​នេះពួកគេទាំងពីរ ចង់រៀបចំពិធីមង្គលការនៅក្នុងទីក្រុងញូវយ៉កព្រោះ Jennifer និងគូដណ្តឹងមានអារម្មណ៍ថា ទីនេះជាកន្លែងដែលនាំឲ្យពួកគេជួបគ្នា ហើយក៏ងាយស្រួលសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា ដំណឹងភ្ជាប់ពាក្យ រវាង Jennifer និង Cooke បែកធ្លាយ បន្ទាប់ពីអ្នកគាំទ្របានឃើញតារាស្រីក្នុងរឿង «Hunger Games» ពាក់ចិញ្ចៀនដ៏មានតម្លៃនៅលើម្រាមដៃរបស់នាង ក្រោយមកតំណាងរបស់ Jennifer ក៏បានអះអាងពីរឿងនេះ៕