(ភ្នំពេញ)៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង និងអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នាជាបន្តបន្ទាប់ ជាមួយនឹងដំណឹងបាត់ខ្លួនរបស់ លោកតា ស៊ូ សាវ៉ាង ហៅ លោកតា ហ្វុយស្សូ ដែលជាតន្រ្តីករភ្លេងបុរាណខ្មែរជើងចាស់មួយរូប ខណៈលោកតាបានបាត់ខ្លួនយ៉ាងយូរ មិនធ្លាប់មានពីមុនមក ដែលធ្វើឱ្យក្រុមគ្រួសារព្រួយបារម្ភជាខ្លាំង នៅល្ងាច ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រោះលោកតាមានជំងឺប្រចាំកាយ។ តែយ៉ាងណាក្រោយប្រកាសពីដំណឹងនេះហើយ នៅព្រឹកនេះលោកតាបានវិលត្រឡប់មកផ្ទះវិញហើយ ដោយមូលហេតុគឺដោយសារតែទៅហាត់ប្រាណ ហើយក៏ឈានចូលលេងផ្ទះមិត្តភ័ក្តពិសារអ្វីបន្តិចបន្តួច និងទូរស័ព្ទអស់ថ្មមិនបានប្រាប់អ្នកផ្ទះ។

ទាក់ទងដំណឹងនេះ កូនប្រុសលោកតា ហ្វុយស្សូ បានថ្លែងប្រាប់ Khmer Talking និង Fresh News ថា លោកតាបានត្រឡប់មកដល់ផ្ទះនៅព្រឹកមិញ និងមូលហេតុដោយសារទៅលេងផ្ទះមិត្តភ័ក្តគាត់ និងមិត្តភ័ក្តឃាត់ហូបអីក៏ជ្រុល ហើយអត់បានទូរស័ព្ទមកប្រាប់។ ការភ័យផ្អើលដល់ថ្នាក់រកជំនួយឱ្យសារព័ត៌មានប្រកាសស្វែងរកលោកឪពុក គឺដោយសារតែលោកតាមានជំងឺប្រចាំកាយផង គឺលោកមានជំងឺបូសថ្លើម ខណៈឥឡូវនៅតែបន្តការព្យាបាល ដូច្នេះខ្លាចយ៉ាងម៉េចទៅគ្មានអ្នកដឹង។

កូនប្រុសលោក តា ហ្វុយស្សូ បានបន្តថា ឪពុករបស់ខ្លួន បច្ចុប្បន្ននៅតែបន្តការងារសិល្បៈ ដោយលោកតាទៅលេងភ្លេងបុរាណខ្មែរ ជាមួយនឹងក្មេងៗជារៀងរាល់ថ្ងៃ នៅផ្សាររាត្រី រាជធានីភ្នំពេញ។

យ៉ាងណាមិញ ដំណឹងនេះប្រៀបបាននឹងប្រាប់ដល់អ្នកគាំទ្ររបស់លោកតា ទាំងអស់កុំឱ្យភ័យ ឬព្រួយបារម្ភអី ព្រោះលោកតា បានវិលត្រឡប់មកដល់គេហដ្ឋានដោយសុវត្ថិភាពហើយ។ អ្វីដែលសំខាន់ វាប្រៀបបាននឹងការផ្ញើរសារមួយ ដល់មនុស្សទូទៅ មិនថាចាស់ ឬក្មេងទេ ពេលទៅណាមកណា ត្រូវផ្តល់ដំណឹងជូនអ្នកផ្ទះឱ្យបានដឹង ជៀសវាងការស្វែងរក បង្ករភាពព្រួយបារម្ភ និងបាត់ខ្លួនដោយមិនដឹងមូលហេតុ។